ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានគណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រហែលជាអាចសំដៅទៅគណបក្សភ្លើងទៀនឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ដែលជាអង្គបោះឆ្នោ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។
សេចក្តីថ្លែងការណ៍របស់គ.ជ.ប ដែលចុះហត្ថលេខា ដោយ លោក ឌីម សុវណ្ណារ៉ុ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៅថ្ងៃទី ១៥ ខែកុម្ភៈនេះ បញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ ថ្ងៃ។
សេចក្តីថ្លែងការណ៍នេះ បន្ថែមថា គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈ ងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ។
ជាមួយគ្នានេះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា… គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។…”
គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត សូមអំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើ សកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀប ចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃ ការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ៕