ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងពេលសម្តេច ចូលរួមបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។
សម្តេច ហ៊ុន ម៉ាណែតបញ្ជាក់ទៀតថា៖«ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា មានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់»។
សម្តេច ហ៊ុន ម៉ាណែតបន្ថែមថា៖«ក្នុងន័យនេះ ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា»។
បើតាម សម្តេច ហ៊ុន ម៉ាណែត ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្ត បោះជំហានតាមដំណាក់កាល ឬ អភិក្រមជាខឿន តាមរយៈការរៀបចំ និងអនុវត្តក្របខ័ណ្ឌផែនការសកម្មភាពរួម ដ៏លម្អិតមួយ ឬ ហៅកាត់ថា CAP ដែលផ្សំឡើងពីបណ្តាសកម្មភាពចាំបាច់សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ; និង សកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់៕