ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាក SSANG YONG ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ ២AE-២១៥៦ ដឹកស៊ុតសត្វមាន់ និងស៊ុតសត្វទាចំនួន ២៤ ៦០០គ្រាប់។
ស៊ុតសត្វខាងលើនោះ នាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តព្រះសីហនុ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតសត្វមាន់ និងស៊ុតសត្វទាសរុបចំនួន ២៤ ៦០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕