មណ្ឌលគិរី៖ ជាការចូលរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា USAID មរតកបៃតង និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងបរិស្ថាន បានសម្រេចការស្តារគម្របព្រៃឈើឡើងវិញបានចំនួន ២៥,៤៤ហិកតា ជាមួយនឹងកូនឈើចំនួន ២៧.១២៥ដើម ត្រូវបានចែកចាយ និងដាំនៅទីតាំងសំខាន់ៗចំនួនប្រាំ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមការងារក៏បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរការគាំទ្រពីប្រជាពលរដ្ឋជាង ៦០០ នាក់ ដើម្បីចូលរួមក្នុងការដាំដើមឈើ ថែរក្សា និងលើកកម្ពស់ការដាំដើមឈើឡើងវិញនៅក្នុងសហគមន៍របស់ពួកគេ។
សកម្មភាពស្តារគម្របព្រៃឈើឡើងវិញទាំងនេះ គឺជាផ្នែកមួយនៃគម្រោងដាំដើមឈើឡើងវិញរយៈពេលបួនឆ្នាំ (២០២២-២០២៥) ដែលជាគំនិតផ្តួចផ្តើមចេញពីគម្រោងរេដបូកកែវសីមា។ គោលដៅចម្បង គឺដើម្បីស្តារ និងពង្រឹងគម្របព្រៃឈើលើផ្ទៃដី ១.០០០ ហិកតា ដោយប្រើប្រភេទឈើក្នុងស្រុក ដើម្បីស្ដារព្រៃនិងស្តារស្រទាប់ដីដែលរិចរិលខូចគុណភាពឡើងវិញ។
ជាមួយគ្នានេះដែរ គម្រោងក៏មានបំណងអប់រំសហគមន៍ដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា អំពីសារៈសំខាន់នៃការការពារព្រៃឈើរយៈពេលវែងសម្រាប់ជីវភាពរស់នៅរបស់ពួកគេ និងភាពជោគជ័យនៃគម្រោងរេដបូកផងដែរ។
ក្នុងឆ្នាំសារពើពន្ធ ២០២៤ គម្រោងបានដាក់គោលដៅដាំកូនឈើចំនួន ៥៥.០០០ ដើម លើផ្ទៃដីចំនួន ៥០ ហិកតានៃដីព្រៃដែលខូចគុណភាព ឬត្រូវបានកាប់ឆ្ការពីមុនមក។ ចូលរួមដាំដើមឈើឱ្យបានច្រើនក្នុងឆ្នាំថ្មីនេះទាំងអស់គ្នា!