តុលាការខេត្តព្រះសីហនុ សម្រេចរឹបអូសប្រាក់ជិត ១០ ម៉ឺន ដុលា្លរ អូរប័រ ៥ គ្រឿង កប៉ាក់ ១ គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀត របស់ជនជួញដូរគ្រឿងញៀន ជាទ្រព្យសម្បត្តិរដ្ឋ

ព្រះសីហនុ៖ តាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចរឹបអូសប្រាក់ជិត ១០ ម៉ឺន ដុលា្លរ អូរប័រ ៥ គ្រឿង កប៉ាក់ ១ គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀត របស់ជនជួញដូរគ្រឿងញៀន ជាទ្រព្យសម្បត្តិរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនទម្ងន់៨៧១គីឡូ២០០ក្រាម ប្រភេទកេតាមីន និងបទល្មើសសម្អាតប្រាក់លើជនជាប់ចោទជាជនជាតិចិន០៦នាក់។

ប្រភពដដែល បានបញ្ជាក់ថា ជនជាតិចិនទាំង០៦នាក់ខាងលើនេះ ត្រូវបានចៅក្រមសាលាដំបូងខេត្តព្រះសីហនុសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០លានរៀល ពីបទ រក្សាទុកនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

បទល្មើសខាងលើនេះត្រូវបានចៅក្រមសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសតាមមាត្រា៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕