រដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១សែន ដុល្លារ

ព្រះសីហនុ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀត ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែមដើម្បីជាការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះ រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែង ដែលមានតម្លៃលើសពី ១០០.០០០ ដុល្លារអាម៉េរិក។

ខណៈដែលខេត្តព្រះសីហនុ ប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់, ជាពិសេស ការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តនេះ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង, ការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង ។

ក្នុងន័យនេះ, រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី ។

ក្នុងន័យនៃការផ្តល់ «អត្ថប្រយោជន៍ពិសេស», កម្មវិធីនេះ នឹងផ្តល់ការសម្រួលនីតិវិធី និងការលើកទឹកចិត្តពិសេស, បន្ថែមពីការកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ដល់វិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោង ឬ​សកម្មភាពក្នុងឆ្នាំ ២០២៤ នេះ ទៅតាមប្រភេទគម្រោង ឬសកម្មភាព រួមមាន៖ ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ បន្ថែម; ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង; ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៥ ឆ្នាំ; ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល; ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដីចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់; ការសម្រួលនីតិវិធី និងបែបបទនៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងការងារសំណង់; ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់; ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា; ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference- Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ; និងការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ ។

ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា; ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជាពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬធ្វើធុរកិច្ចក្នុងខេត្តព្រះសីហនុ; ការផ្តល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ; និងការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុក ។

ទី៣.ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗសម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច; ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជាពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច; ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល; និងការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល ។

ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាព ទាំង ៣ ប្រភេទខាងលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតផងដែរ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែមជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ។ វិធានការទាំងនោះ រួមមាន ៖ ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ, សង្កាត់ និងផ្លូវ សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង; ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០.០០០ ដុល្លារអាម៉េរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យ ដោយឡែក; ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ; ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព», ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្តារ និងពង្រឹងកិត្តិនាម របស់ខេត្តព្រះសីហនុ លើឆាកអន្តរជាតិ; ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង; ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម, ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ; ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេស ការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ, កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម, ការលើកទឹកចិត្ត និងវិធានការគាំទ្រផ្សេងទៀត; ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទ្ធិរដ្ឋ ឬឯកជន) ដើម្បីប្រែក្លាយដីទាំងនេះទៅជាតំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត, ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា; និងការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្តុំធនធាន និង ជំរុញការអភិវឌ្ឍ ឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹងហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា ៕