ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀន ៥១កេស ចំនួន ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ ៤០៩.៦០ក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅចំណុចទី១ ៖ កំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២៖ផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ, ទី៣៖ ផ្ទះលេខ១៥៦ ផ្លូវ២៣ បូរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផល ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ។
លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ឲ្យដល់ប្ញសគល់ ។
ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយ លោកឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។
ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាបជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕