ភ្នំពេញ៖ តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Tom Panella បានបញ្ជាក់ជំហរមុតមាំថានឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។
លោក Tom Panella បានបញ្ជាក់ជំហរបែបនេះ ក្នុងពេលលោក ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចូលរួមចំណែកយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
លោក ថោ ជេដ្ឋា បន្តថា ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ អភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានោះ លោក រដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កជាការឡើងកម្តៅនៃភពផែនដី ជាមួយគ្នានេះប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យនៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនៅរដូវប្រាំង ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ជាដើម។
លោក ថោ ជេដ្ឋា បញ្ជាក់ថា៖« ការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច»។
ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាក្នុងការពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ទី១)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(TAIP) និងទី២)គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC)។
ដោយឡែកគម្រោងដែលកំពុងសិក្សាមានចំនួនពីរគឺ ទី១)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) និងទី២)គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕