អូស្រ្តាលីគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា បញ្ជាក់ថា អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិវិស័យសន្តិសុខនិងការពារជាតិ ជាដើម។

ការបញ្ជាក់របស់ លោក ចាស្ទីន ខេវិន វ៉ាយអេត ធ្វើឡើង​នៅក្នុង នៅក្នុងជំនួបជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា
នៅថ្ងៃទី ២៣ ចែមករា ឆ្នាំ ២០២៤ ។ លោកបន្ថែមថា  ប្រទេសអូស្រ្តាលីបានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា ឯកអគ្គរដ្ឋទូតរូបនេះ  បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។

ក្នុងនាមរដ្ឋសភា សម្តេច ឃួន សុដារី បានគំាទ្រចំពោះលទ្ធផលពិភាក្សាការងាររវាង លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលប្រទេសទំាងពីរ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ សម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទំាងពីរជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ ក៏ដូចជាការចូលរួមរក្សាការពារសុខសន្តិភាពក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ប្រជាជន ពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ សម្តេច បានស្នើប្រទេសអូស្រ្តាលីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និងផ្តល់អាហារូបករណ៍ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្រ្តាលី។

លោក Justin Kevin Whyatt បានគំាទ្រការលើកឡើងរបស់ សម្តេច ឃួន សុដារី និងបានគូសបញ្ជាក់ថា មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដែលរដ្ឋាភិបាលអូស្រ្តាលី តែងតែផ្តល់ជូនកម្ពុជា ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ អាហារូបករណ៍ឆ្នាំ២០២៥ នឹងប្រកាសជាផ្លូវការ នាពេលខាងមុខ ស្ថានទូតអូស្រ្តាលីប្រចាំនៅភ្នំពេញ នឹងរងចាំធ្វើកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

ជាមួយគ្នានោះ លោក បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អនៃរដ្ឋសភាប្រទេសទំាងពីរ ដែលបានគំាទ្រគ្នាទៅវិញទៅមក នៅតាមវេទិកាអន្តរសភានានា ក្នុងនោះថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាធ្លាប់អញ្ជើញទៅចូលរួមកិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រ្តាលី ហើយថ្នាក់ដឹកនាំសភាអូស្រ្តាលី ក៏ធ្លាប់បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ ។

នាឱកាសនោះដែរ សម្តេច ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលតែងតែជួយគំាទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ មានតំាងពីការស្វែងរកសន្តិភាព និងបានចូលរួមអភិវឌ្ឍនៅកម្ពុជាយ៉ាងសកម្ម នៅលើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៣ មក៕