ភ្នំពេញ ៖ បើតាមគណនារបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ជាលទ្ធផលរយៈពេល២១ថ្ងៃក្នុងខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរងខាងលើ ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប ១៧ ទីតាំងផងដែរ ដែលកើតឡើងនៅ4រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ៣០ នាក់។
ក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្ដេចនាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅមាន ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ ពីលើ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕