លោក សុខ ទូច៖ឧទ្យានតេជោសែនឬស្សីត្រឹបបើកទ្វារទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ស្រទាប់មកទស្សនាធម្មជាតិវប្បធម៌

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ឧទ្យានតេជោសែនឬស្សីត្រឹបបើកទ្វារទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ស្រទាប់មកទស្សនាធម្មជាតិវប្បធម៌ និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជាបាននឹងកំពុងរៀបចំនិងអភិវឌ្ឍ។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្នុងគ្រាដែល បានដឹកនាំនិស្សិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមប្រធានបទ «បញ្ញវន្ត និងបុរាណស្ថាននៃវប្បធម៌ធម្មជាតិ»កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក សុខ ទូច បានលើកឡើងថា «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មិនត្រឹមតែជាទីតាំងធម្មជាតិដ៏ស្រស់ស្អាត និងសំបូរបែបនោះទេ ឧទ្យាននេះក៏ជាទីកន្លែងផ្សារភ្ជាប់បេះដូងរបស់បញ្ញវន្តផងដែរ ព្រោះនៅពេលបេក្ខជនបណ្ឌិត ឬនិស្សិតដែលបញ្ចប់ការសិក្សា ហើយត្រូវសរសេរនិក្ខេបបទឬសារណាលើប្រធានបទដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ និងវប្បធម៌ ពួកគាត់អាចអញ្ជើញមកកាន់ទីតាំងឧទ្យាននេះបានគ្រប់ពេលវេលាទាំងអស់។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលបីថ្ងៃពីរយប់នេះ និស្សិតទាំងអស់ពិតជាទទួលបាននូវភាពសប្បាយរីករាយ និង ទទួលបាននូវចំណេះដឹងជាច្រើនផងដែរទាក់ទងនឹងដំណើរការរៀបចំកសាងឧទ្យាន ការអភិរក្សធនធានធម្មជាតិ និងការកៃឆ្នៃផលិតផលនានាផងដែរ។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ១- បង្ហាញឱ្យឃើញពីសក្តានុពលដ៏សំបូរបែបនៃឧទ្យាន ទាំងរូបីនិងអរូបី (ធម្មជាតិ និងវប្បធម៌) ២- បង្ហាញអំពីសមិទ្ធផលនៃឧទ្យាន រួមមានការចិញ្ចឹមគោទឹកដោះ, ក្របី ពពែ…និងហេដ្ឋារចនាសម្ព័ន្ធនានាដែលមាននៅក្នុងឧទ្យាន ៣- បង្ហាញអំពីបុរាណស្ថាននៃទីតាំងឡស្លដែកបុរាណដែលមានអាយុកាលមួយពាន់ឆ្នាំ ៤. ស្វែងយល់អំពីស្ថានភាពនៃជីវភាពរស់នៅរបស់ជនជាតិភាគតិច និងប្រជាពលរដ្ឋនៅមូលដ្ឋាន ៥- បណ្តុះនូវគំនិតស្រលាញ់ ចូលរួមថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃ និងសត្វស្លាបកម្រដែលនៅសេសសល់ សម្រាប់កូនចៅជំនាន់ក្រោយ និង៦-រឹតចំណងសាមគ្គីភាព មិត្តភាព និងសាងនូវអនុស្សាវរីយ៍ល្អ រវាង និស្សិត សាស្រ្តាចារ្យ គ្រូបង្រៀន និងថ្នាក់ដឹកនាំ ។

ឧទ្យានតេជោសែនឫស្សីត្រឹបគ្របដណ្ដប់លើផ្ទៃដីចំនួន១១៤.៣៥គីឡូម៉ែត្រក្រឡា និងមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ការិយាល័យធ្វើការ ស្រះចិញ្ចឹមត្រី ផ្ទះលំហែ ផ្ទះលើដើមឈើ កន្លែងផលិតទឹកដោះគោ កន្លែងចិញ្ចឹមគោទឹកដោះ កន្លែងចិញ្ចឹមក្របី សួនដំណាំ សួនលំហែកាយ ចំការស្មៅ នេពានិងរុស្ស៊ី សួនសត្វប្រើស ឡស្លដែកបុរាណ ជាដើម៕