ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ចាត់ទុកសម្តេច ហ៊ុន សេន ជា «វីរបុរសរបស់សកលលោក »

ភ្នំពេញ៖ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និង ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាមេដឹកនាំគំរូអស្ចារ្យ និងជា «វីរបុរសរបស់សកលលោក »។

លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានចាត់ទុកបែបនេះ នៅក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានលើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរបានលើកកម្ពស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦។

លោក បានបញ្ជាក់ទៀតថា៖« ប្រទេសកម្ពុជា និងទីម័រឡេស្តេ ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អមួយ មានភាពអស្ចារ្យបំផុត ដែលបានស្វែងរកសុខសន្តិភាព មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេច ជាវីរបុរសរបស់សកលលោកផងដែរ»។

នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានថ្លែងការកោតសរសើរ និងអរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍដល់ប្រទេសខ្លួនដូចជាការគំាទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ចំពោះការចូលជាសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន(AIPA) របស់ទីម័រឡេស្តេ។ ជាមួយគ្នានេះ កម្ពុជាបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតទីម័រឡេស្តេបានមកសិក្សានៅកម្ពុជាផងដែរ។

នាឱកាសនោះដែរ សម្តេច ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក អ៊ឺមេណេហ្ស៊ីលដូគុប៉ា ឡូប៉េស និងសហការី។ សម្តេចបានគូសបញ្ជាក់ថា វត្តមានរបស់ ឯកអគ្គរដ្ឋទូតនាពេលនេះ ប្រៀបដូចជាការមកសួរសុខទុក្ខរវាងបងនិងប្អូនដូច្នេះដែរ។ សម្តេចមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សំខាន់របស់ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ដែលបានរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ទីម័រឡេស្តេ បានយ៉ាងល្អប្រសើរ ចាប់តាំងពីពេលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានាឆ្នាំ២០០២ មក។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានិងរដ្ឋសភាទីម័រឡេស្តេបានសហការនិងគាំទ្រគ្នា ក្នុងវេទិកាអន្ដរសភានានារួមមាន AIPA, IPU, APPF ជាដើម។ ប៉ុន្តែទំនាក់ទំនងជាលក្ខណៈទ្វេភាគីនៅមិនទាន់មានកិច្ចព្រមព្រៀងណាជាមួយគ្នានៅឡើយ។

ដោយឡែក នៅក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស តំណាងប្រជាពលរដ្ឋទីម័រឡេស្តេនិងលោកស្រី ប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ តាមពេលសមស្របណាមួយ។

សម្តេចរដ្ឋសភាធិបតី គំាទ្រដល់ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ និងបានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភាជាស្រ្តីដូចគ្នា សម្តេចសង្ឃឹមថា នឹងមានឱកាសជួបប្រាស្រ័យទាក់ទាក់ទងការងារដោយផ្ទាល់ជាមួយ លោកជំទាវ ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅពេលវេលាណាមួយជាមិនខានឡើយ៕