ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយស្រាយបំភ្លឺថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើងដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ០៣ នាក់ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។
ការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីគណបក្ស ភ្លើងទៀន ចាត់ទុកថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្ស ភ្លើងទៀន និងជាការធ្វើឲ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤នេះ (ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ថ្ងៃទី២៦ ខែឧសភា) រឹតតែមានភាពអាប់អួរថែមទៀត។
បើតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាម កំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។
ខ្លឹមសារបន្ថែមសូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ និងដីកាបញ្ជាឱ្យនាំខ្លួនរបស់តុលាការ…!