ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.បានគូសបញ្ជាក់ថា ជាទិសដៅការងារទៅមុខ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើសសរស្តម្ភ ចំនួន ២ ។
លោក កើត រិទ្ធ បញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
បើតាមលោក កើត រិទ្ធិ សសរស្តម្ភទី១- ការកែទម្រង់ប្រព័ន្ធតុលាការដោយផ្តោតលើគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស និងផ្តោតលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និងភាពត្រឹមត្រូវ និងសសរស្តម្ភទី២- ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈងាយស្រួល សម្បូរបែប និងដោះស្រាយបញ្ចប់វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។
ក្នុងន័យនេះ លោក កើត រិទ្ធ សង្កត់ធ្ងន់ងថា ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាកិច្ចការអាទិភាពមួយនៃគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ និងជាការបោះជំហានថ្មីមួយក្នុងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា។
ជាមួយគ្នានោះ លោក កើត រិទ្ធ. បានចាត់ទុក អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាដៃគូសហការដ៏សំខាន់មួយរបស់ អ.ដ.ក. ហើយការចូលរួមរបស់តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងកិច្ចប្រជុំនេះ ពិតជាបង្ហាញឱ្យឃើញពីការគំាទ្រដ៏មានសារសំខាន់ដល់កិច្ចដំណើរការរបស់ អ.ដ.ក. ដើម្បីអាចឈានទៅសម្រេចបាននូវបេសកកម្មចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ សំដៅជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា។
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ដែលរៀបចំដោយ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងដោយមានការសហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជាបានលើកយក បទបង្ហាញលើប្រធានបទចំនួន ២ (ទី១)- អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង(ទី២)- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ក្រុមគោលដៅជាក្រុមជនជាតិដើមភាគតិច និងក្រុមអ្នករស់នៅតំបន់ដាច់ស្រយាល៕