អគ្គិភ័យឆាបឆេះទីលានបាញ់កាំភ្លើងនៅភ្នំពេញ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះទីលានបាញ់ភ្នំពេញ មួយកន្លែង យ៉ាង សន្ធោសន្ធៅ  បានបង្កការភ្ញាក់ផ្អេីលជាខ្លាំង  នៅវេលាម៉ោង  ១១និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ព្រហ្ម  យ៉ន  នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានឲ្យដឹងថា  ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ  666  ថា  មានករណីអគ្គិភ័យកំពុងឆាបឆេះទីលានបាញ់កាំភ្លើងភ្នំពេញ មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ។

ភ្លាមៗនោះ  លោក ព្រហ្ម  យ៉ន  ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកេីតហេតុខាងលេី  ធ្វេីការចេញជួយអ ន្តរាគមន៍  ដេីម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោក  ព្រហ្ម  យ៉ន បានបន្តថា  ចំពោះកិច្ចប្រតិបត្តិការខាងលេីនេះ  កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ស្មើរនឹង២០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តបញ្ជាការដ្ឋានទ័ពពិសេសចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើរនឹង១២០ម៉ែត្រគូប និងរថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹក០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

លោក ព្រហ្ម  យ៉ន បានបន្តទៀតថា  ចំពោះប្រភេទសំណង់ខាងលេីនេះ  គឺជា  ថ្មប្រក់ស័ង្កសី  ទំហំ  (២៣ម៉ែត្រ  x ៧៧ម៉ែត្រ )  ក្នុងនោះបណ្តាលឲ្យឆេះខូចខាតផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើង ទំហំ (១៤ម៉ែត្រ x ២៣ម៉ែត្រ) និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក  ករណីខាងលេី  ត្រូវបានសមត្ថកិច្ចជំនាញរបស់យេីង  ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១និង០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ  ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ  បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕