នៅថ្ងៃទី១២ មករានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាដកហូតតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប នៃខេត្តកែប ជាស្ថាពរ បន្ទាប់ពីរកឃើញថា អភិបាលក្រុងរូបនេះប្រើប្រាស់អំណាចខ្លួននាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋជាច្រើន។ ចំណាត់ការនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហាញការសាទរ និងគាំទ្រចំពោះវិធានការនេះយ៉ាងពេញទំហឹង។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ អ្នកឧកញ៉ា លឹម ហេង បានបញ្ចេញទស្សនៈយោបល់លើរឿងនេះថា «ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនិងយុត្តិធម៌ពីស្ថាប័នរដ្ឋ ទើបទទួលបានគាំទ្រពីប្រជាពលរដ្ឋ»។ ដោយឡែកម្ចាស់គណនីឈ្មោះ Rojanos Ty បានបញ្ចេញទស្សនៈដែរថា «ក្នុងនាមជាប្រជាពលរដ្ឋស្លូតត្រង់មួយរូប ខ្ញុំសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តអភិក្រមទី៥ របស់សម្តេចមហាបវរធិបតីចំពោះមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខូចៗដែលឆ្លៀតឱកាសប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន»។
ម្ចាស់គណនីដដែលនេះ បានសរសេរបន្តថា «ប្រជាពលរដ្ឋស្លូតត្រង់ដូចខ្ញុំទន្ទឹងរង់ចាំចំពោះការចំពោះមន្រ្តីខូចៗដែលត្រូវបានរកឃើញកំហុសដោយភ័ស្តុតាងរឹងមាំបែបនេះពីថ្នាក់ដឹកនាំកំពូលយូរមកហើយ»។
អ្នកប្រើប្រាស់ទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់ទៀតដែលមានគណនីឈ្មោះ Thouth Pha បានបញ្ចេញយោបល់ដែរថា«រៀបចំយុទ្ធិសាស្រ្តត្រូវ state resource infrastructure រដ្ឋនឹងទទួលបាន គុណភាព ការងារ ការកោតសរសើរ រីកចំរើន និងសន្សំសំចៃថវិការដ្ឋ ខ្ញុំគាំទ្រ និងពេញចិត្ត ក្នុងនាមអ្នកបំរើការងារមួយវិស័យឯកជនរយៈពេល១៨ឆ្នាំកន្លងមកនេះ»។
ដោយឡែកអ្នកគណនីឈ្មោះ Kosol Mee បានបង្ហាញការសាទរនិងគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចនាយករដ្ឋមន្រ្តី ដោយលោកសរសេរថា«សូមចូលរួមអបអរសាទរ នឹងគាំទ្ររ សម្តេចបានវះកាត់សាច់ស្អុយរលួយចោល នឹង សំណូមពរសូមសម្តេចបន្តបោសសំអាតមន្រ្តីស្អុយរលួយចោលឱ្យអស់ ដើម្បីមានរដ្ឋាភិបាលស្អាតស្អំដឹកនាំប្រទេស និងដើម្បីប្រជាជនជាតិខ្មែរទាំងមូល សូមគោរព អរគុណ»។
ពាក់ព័ន្ធឹនឹងការដកហូតតំណែងអភិបាលក្រុងកែបនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្តេចនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្រ្តីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍និងប្រជាជន។
ទន្ទឹមនឹងគ្នានេះដែរ សម្តេចសង្ឃឹមថា មន្រ្តីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
សូមជម្រាបជូនថា អភិក្រមទាំង៥ ដែលសម្តេចនាយករដ្ឋមន្រ្តីតែងតែក្រើនរំលឹកនោះ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់៕