នគរបាលខណ្ឌឬស្សីកែវបង្ហាញមុខជនសង្ស័យ កាប់ប្លន់យ៉ាងសកម្ម ២នាក់

ភ្នំពេញ៖ជនសង្ស័យ ជាមុខសញ្ញាចាស់កាប់ប្លន់យ៉ាងសកម្ម  ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់និង ធ្វើសន្និសិទ កាសែត បង្ហាញមុខ ជាសាធារណះកាលពីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២៤ ។

ជនសង្ស័យរូបនោះ នគរបាលអោយដឹងថា១-ឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន), ២.ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ(មានសារធាតុញៀន)។ចំណែក ជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដែលបានបង្ហាញមុខ ជនសង្ស័យ បានអោយ ដឹងថា  ជនសង្ស័យ ទាំង ២ នាក់ ត្រូវបានកម្លាំង ជំនាញ របស់ លោក  សហការ ជាមួយ កម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិតធ្ងន់ និងការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពី យប់ ថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០២៤ នៅចំណុច ផ្លូវ លេខ ១០០៣  ភូមិ គង្គាផុស សង្កាត់ទួល សង្កែ ទី២ ខណ្ឌឬស្សីកែវ បន្ទាប់ពីធ្វើសកម្មភាព ប្លន់ បានតែរយះពេល ៤ថ្ងៃ ។

លោកបន្ត ទៀតថា  កាលពី វេលាម៉ោង ៧និង ០៥នាទីយប់ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ មានករណី  កាប់ ប្លន់យក ម៉ូតូម៉ាក ហុង ដាឌ្រីម ១គ្រឿង នៅចំណុចដើមប្រេងខ្យល់ ស្ថិតនៅខាងជើង កាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុង សង្កាត់ទួលសង្កែទី២។នៅក្នុង កម្មភាព ជនសង្ស័យ ២នាក់ បានប្រើដាវកែវ ច្នៃ ភ្ជង់គំរាមជនរងគ្រោះ  ដែលកំពុង តែចុះបត់ជើង ប្លន់យកម៉ូតូ ម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១IN.៨០១៥មួយគ្រឿងបានសម្រេច។បន្ទាប់ពី មានករណី ប្លន់ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្លាំង នគរបាល ខណ្ឌ បានសហការជាកម្លាំង ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ  ២នាក់ព្រមទាំងដកហូតបានម៉ូតូម៉ាកធូដេ១គ្រឿងពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ១AC៧៣២៧។

លោក ឯក ហ៊ាង ថារ៉េត  បានអោយដឹងទៀតថា ជនសង្ស័យ ជាមុខ សញ្ញាចាស់ ប្លន់ និង លួច យ៉ាងសកម្ម  ធ្លាប់ជាប់ពន្ធនាគារនិង បានប្រើប្រាស់គ្រឿងញៀនញៀនផងដែរ ។

តាមចម្លើយ សារភាព របស់ ជនសង្ស័យឈ្មោះធី សុបញ្ញារិទ្ធ បានអោយដឹងថា បន្ទាប់ពី ប្លន់ បានសម្រេច រូបគេបានយកម៉ូតូទៅលក់ ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលឈរនៅលើ ចិញ្ចើមផ្លូវម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន ៧០០ដុល្លារ ហើយបានយកមកចែកឱ្យជនសង្ស័យ ឈ្មោះរ៉ាយ រ៉ាវុធ បានចំនួន ៣០០ដុល្លា នាំគ្នាស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនអស់ ហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕