លោក ស សុខា លើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស

កណ្តាល៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ។

ការលើកទឹកចិត្តនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ក្នុងគ្រាដែល លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាម ក្រសួងមហាផ្ទៃ លោក ស សុខា បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យ និងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន៕