អ.ជ.ក. នឹងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៦០ នាក់

ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចាប់ផ្ដើមប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៦០ នាក់ ដែលក្នុងនោះ ៣០ នាក់ នឹងត្រូវជ្រើសរើសពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍតាមការកំណត់របស់ អ.ជ.គ. តាមរយៈការប្រឡងប្រជែង និង ៣០ នាក់ ទៀត នឹងត្រូវជ្រើសរើសដោយពុំឆ្លងកាត់ការប្រឡងប្រជែង ពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍខ្ពស់ ដូចជា អតីតចៅក្រម អតីតព្រះរាជអាជ្ញា ឥស្សរជន ឬមន្ត្រីសាធារណៈដែលមានបទពិសោធន៍ក្នុងការងារ ដោះស្រាយវិវាទ ជាដើម។

ការប្រកាសចាប់ផ្តើមជ្រើសរើសមន្ត្រីនេះ ធ្វើឡើងងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំលើកទី១ នៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.)  ក្រោមអធិបតីភាព លោក  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក. និងដោយមានសមាសភាព ចូលរួមពីសំណាក់លោក  ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាន អ.ជ.ក. ។

តាមសេចក្តីប្រកាសព័ត៌​មានរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) បញ្ជាក់ថា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលត្រូវបានជ្រើសរើស នឹង ត្រូវទទួលការបណ្តុះបណ្តាលជំនាញ ស្របតាមព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. នឹងប្រកាសជូនដំណឹងអំពីការចាប់ផ្ដើមទទួលពាក្យស្នើសុំចូល ធ្វើជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចាប់ពីសប្តាហ៍ទី២ ខែមករា នេះ ដែលកាលបរិច្ឆេទ ជាក់លាក់នៃការទទួលពាក្យស្នើសុំ, អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នឹងធ្វើការជូនដំណឹងជាក្រោយ។ ទន្ទឹមនេះ នៅថ្ងៃដែល អ.ជ.ក. ចាប់ផ្តើមទទួលពាក្យស្នើសុំចូលធ្វើជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ, អ.ជ.គ. ក៏ នឹងធ្វើសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់ អ.ជ.ក. ផងដែរ។

បន្ទាប់ពីការជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ព្រមទាំងរៀបចំឯកសារបច្ចេកទេសចាំបាច់សម្រាប់កិច្ចដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ, អ.ជ.ក. បានកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមទទួលពាក្យបណ្តឹងផ្ទាល់ពីប្រជាពលរដ្ឋដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ។ ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនេះ នឹងធ្វើឡើងនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. (នាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ) ស្ថិតនៅអគារពហុបំណងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. តាមរយៈ Email: [email protected] ឬទូរស័ព្ទរបស់មន្ត្រីនៃអគ្គលេខា-ធិការដ្ឋានលេខ ០៩៩ ៤៥៦ ១៥៦។

ដើម្បីឱ្យយន្តការដោះស្រាយសម្រុះសម្រួលវិវាទដោយ $អ.ជ.គ. អាចដំណើរការដោយរលូន និងសម្រេចបានលទ្ធផលខ្ពស់ អ.ជ.គ. នឹងចាប់ផ្ដើមធ្វើកិច្ចសហការក្នុងភាពជាដៃគូដោយផ្ទាល់ជាមួយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមមាន៖ ក្រសួងអធិការកិច្ច គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលបាននិងកំពុងធ្វើការពាក់ព័ន្ធនឹងការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

អ.ជ.គ. បានកំណត់យកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នៅកម្ពុជា ក្រោមការសហការពីអង្គការអុកស្វាមប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការគ្នា សំដៅចូលរួមលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕