ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ ដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. អនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងនោះរួមមាន៖ទី១-ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក.ទី២-កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ និងទី៣-ការងារផ្សេងៗ។
ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បានសម្រេចអនុម័តជាគោលការណ៍លើ: ទី១-ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក. និង ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
ទន្ទឹមគ្នានេះ អ.ដ.ក. នឹងធ្វើកិច្ចសហការក្នុងភាពជាដៃគូដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាមួយក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមមាន: ក្រសួងអធិការកិច្ច គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ជាដើម៕