អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្រសួងនឹងពិនិត្យមើលបណ្តឹងដែលមន្រ្តីនគរបាលប្តឹងលោក សោម សារ៉ាន អធិការនគរបាលស្រុកស្វាយទាប

បន្ទាប់ពីពាក្យបណ្តឹងជំហររបស់មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀងប្តឹងលោក សោម សារ៉ាន អធិការនគរបាលស្រុកស្វាយទាប ទៅសម្តេចនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ហើយដែលត្រូវបានបង្ហាញចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក និងលើបណ្តាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី៦ មករានេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ចាក់ថា ក្រសួងនឹងពិនិត្យលើបណ្តឹងជំហររបស់មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបនេះ។

ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើបណ្តាញតេឡាក្រោមនៅថ្ងៃទី៦ មករានេះ លោក ទូច សុខៈ បានគូសបញ្ជាក់ថា ក្រោយពីពិនិត្យបណ្តឹងជំហរនេះហើយ ក្រសួងទុកសិទ្ធិអំណាចឱ្យប្រធានថ្នាក់ក្រោមជាតិពិនិត្យ ជាពិសេសស្នងការដ្នាននគរបាលខេត្តស្វាយរៀងពិនិត្យលើបណ្តឹងនេះ តាមគ្រប់យន្តការ ថាតើរឿងនេះពិតកម្រិតណា មិនពិតកម្រិតណា មកពីមូលហេតុអ្វី ដោះស្រាយបែបណា ឬចាត់វិធានការណ៍បែបណា ហើយត្រូវស្នើសុំគោលការណ៍ណែនាំពីថ្នាក់លើឬយ៉ាងណានោះ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលមន្រ្តីនគរបាលស្រុកស្វាយទាបប្តឹងលោក សោម សារ៉ន នោះ គឺចង់ឱ្យថ្នាក់ដឹកនាំពិនិត្យលើភាពមិនប្រក្រតីក្នុងពេលបំពេញការងាររបស់លោកជាអធិការនគរបាលស្រុកស្វាយទាប ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ បក្សពួកនិយម គ្មានភាពជាថ្នាក់ដឹកនាំក្នុងការដឹកនាំអង្គភាពក្នុងអំឡុងពេលដែលឡើងកាន់តំណែងជិតមួយឆ្នាំកន្លងមកនេះ។

អ្វីដែលជាការកត់សម្គាល់ក្នុងពាក្យបណ្តឹងនោះ លោក សោម សារ៉ន រងការចោទប្រកាន់ពីមន្រ្តីថ្នាក់ក្រោមថា បានបង្កើតបាតុភាពមិនប្រក្រតីប៉ះពាល់សតិអារម្មណ៍កងកម្លាំងពីថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់ថ្នាក់អធិការដ្ឋាននគរបាលស្រុក និងជាប្រជាពលរដ្ឋមូលដ្ឋានយ៉ាងខ្លាំង រួមមាន លួចលក់វត្ថុតាងដែលរក្សាទុកក្នុងបទល្មើសចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន យកទៅលក់ឱ្យឈ្មួញយ៉ាងអនាធិបតេយ្យជាប្រយោជន៍ផ្ទាល់ខ្លួន។

បើតាមពាក្យបណ្តឹងរបស់មន្រ្តីនគរបាលដដែលនេះ លោក សោម សារ៉ន ក៏ធ្លាប់មានប្រវត្តិជាមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្ម កាលជាអតីតមេប៉ុស្តិ៍ព្រៃអង្គុញ កាលអំឡុងឆ្នាំ២០១៦ នៃអធិការដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ដែលពេលនេះមន្រ្តីប៉ូលីសទូទាំងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅជុំវិញសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក៏បានដឹងរឿងនេះដែរ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា គ្រប់បញ្ហាគឺក្រសួងតែងតែយកចិត្តទុកដាក់ដោះស្រាយ និងចង្អុលបង្ហាញទៅកាន់តាមបណ្តាអង្គភាពជំនាញដែលលេចចេញបង្ហាញអសកម្មទាំងអស់នោះដើម្បីធ្វើការដោះស្រាយ ប៉ុន្តែមិនមានន័យថាគ្រប់អង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃអង្គុយរងចាំការចង្អុលបង្ហាញនោះទេ៕