ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ថា កម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត រយៈពេល២ថ្ងៃ តាមរយៈ ការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.com ចាប់ពី ម៉ោង ៥ល្ងាច ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។នេះបើយោងតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១. ខេត្តព្រះសីហនុ ទី២. ខេត្តបាត់ដំបង និងទី៣,ខេត្តសៀមរាប។
ជាមួយគ្នានោះ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៏ បានចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ ហើយពិធីប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តទៅក្នុង ពិធី«អបអរសាទរទិវាជាតិទីក្រុងស្អាត» នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺជាថ្ងៃឆ្លងឆ្នាំ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបប្រមាណ៣៤,៩ ម៉ឺននាក់។ ចំណែកខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន២៦,៣ ម៉ឺននាក់។ ដោយឡែកខេត្តសៀមរាបវិញ នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ទទួលបានភ្ញៀវទេសចរ សរុបចំនួន១៧,៧ ម៉ឺននាក់៕