សមាគមឧកញ៉ាកម្ពុជា ច្រានចោល ការចុះផ្សាយ របស់ propertyarea.asia ដែលថា អ្នកឧកញ៉ាសៀ រិទ្ធី «គ្រោងប្រជែងយកតំណែងប្រធានសភាពាណិជ្ជកម្មនៅអាណត្តិក្រោយ»

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ សមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី៥ ខែមករាឆ្នាំ២០២៤ បានឱ្យដឹង ថា កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មានទំព័រមួយឈ្មោះថា“https://propertyarea.asia” បានចុះផ្សាយអត្ថបទមួយ ចំណងជើងថា «អ្នកឧកញ៉ាសៀ រិទ្ធីគ្រោងប្រជែងយកតំណែងប្រធានសភាពាណិជ្ជកម្មនៅអាណត្តិក្រោយ»។

បើផ្អែកលើចំណង ជើង និងខ្លឹមសាររបស់អត្ថបទនេះគឺហាក់មានចេតនាញុះញង់ និងទុច្ចរិតមកលើ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាអនុប្រធានសមាគម ឧកញ៉ាកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដោយត្រង់ ពីព្រោះថា អត្ថបទនេះគឺគ្មានប្រភពច្បាស់លាស់ គ្មានអំណះអំណាងត្រឹមត្រូវ គ្មានការពិត និងគ្មានសច្ចភាពដែលនាំឱ្យមានការយល់ច្រឡំដោយចំពោះមកលើ អ្នកឧកញ៉ា សៀ ឫទ្ធី និងសមាគមឧកញ៉ាកម្ពុជា ដោយផ្ទាល់តែម្ដង ខណៈដែល អ្នកឧកញ៉ា បានបដិសេធ និងបានច្រានចោលនូវព័ត៌មាននោះរួចទៅហើយក៏ដោយ។

ការចុះ ផ្សាយនេះបានភ្ជាប់ខ្លឹមសារជាមួយនឹង សមាគមឧកញ៉ាកម្ពុជា ដែលផ្ទុយពីទស្សនវិស័យ និងបេសកកម្មរបស់សមាគមទាំងស្រុង ដែលជាហេតុនាំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ចំពោះការលើកឡើងដែលគ្មានមូលដ្ឋានច្បាស់លាស់ ហេតុដូច្នេះ សមាគម ឧកញ៉ាកម្ពុជា សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានដែលគ្មានវិជ្ជាជីវៈរបស់ គេហទំព័រខាងលើនេះ។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើឱ្យម្ចាស់គេហទំព័រ https://propertyarea.asia លុបចោលជាបន្ទាន់នូវការចុះផ្សាយព័ត៌មានបែបនេះ។

លើសពីនេះទៀត សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត ប៉ុន្តែសូមធ្វើការចុះ ផ្សាយតែព័ត៌មានណាដែលពិតប្រាកដ ត្រឹមត្រូវ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរព និងប្រកាន់ខ្ជាប់នូវច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងសារព័ត៌មាន និងឯកជនភាពបុគ្គល៕