ក្នុងរយៈពេល១១ខែ ឆ្នាំនេះ ផ្ទៃដីទំហំ ២ ៩៩៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល

កែប៖ លោក សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានលើកឡើងថា ក្នុងរយៈពេល១១ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ផ្ទៃដីទំហំ ២ ៩៩៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។

ការលើកឡើងរបស់ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន ធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ។ សិក្ខាសាលានេះរៀបចំឡើងរយះពេល២ថ្ងៃ ២៧-២៨ ធ្នូ ២០២៣។

លោក សែម សុវណ្ណនីបញ្ជាក់ទៀតថា«មីនប្រឆាំងមនុស្ស ចំនួន ១ ១៧៦ ៤៦២ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៣២១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមចំនួន ៣ ១០០ ១២៣ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល ប្រជាពលរដ្ឋទទួលផលចំនួន ៤ ៨៦២ ៥៧៥ គ្រួសារ ស្មើនឹង ១២ ៦៦៦ ៦៧៤ នាក់»។

បើតាម លោក សែម សុវណ្ណនី អាជ្ញាធរមីន គឺជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការងារសកម្មភាពមីន ដើម្បីរួមចំណែកដល់កិច្ចគាំពារសន្តិភាព ការអភិវឌ្ឍ និងការផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបាន ជោគជ័យយ៉ាងធំធេងក្នុងការកាត់បន្ថយជនរងគ្រោះថ្នាក់ពី ៤៣២០ នាក់ក្នុងឆ្នាំ១៩៩៦ មកក្រោម ១០០នាក់ ក្នុង១ឆ្នាំ។ នេះដោយសារការជំរុញប្រសិទ្ធភាពក្នុងប្រតិបត្តិការបោសសម្អាតមីន និងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ សារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមសាលារៀន សហគមន៍ និងជនគោលដៅ។

លោកបញ្ជាក់ទៀតថា នៅឆ្នាំនេះ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះប្រមាណជិត២លាននាក់ទទួលបានសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមានអត្រាជនរងគ្រោះតែចំនួន ៣០នាក់ (ដោយសារមីន ១៥នាក់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ១៥នាក់) ក្នុងនោះជនរងគ្រោះស្លាប់ ០៤នាក់ របួស ១៧នាក់ និង ពិការអវយវៈ ០៩នាក់។ តួលេខនេះ មានការថយចុះ ២៥% ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះ ៤០នាក់។

នៅឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជាត្រូវបានរដ្ឋភាគីចំនួន១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលត្រូវធ្វើពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលក្នុងនាមជាប្រធានកម្ពុជាបានដាក់អាទិភាពចំនួន៣ ទី១.ជំរុញសកលភាវូបនីយកម្ម ទី២.ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា(ការបោសសម្អាតមីន) ទី៣.ជួយជនរងគ្រោះដោយសារមីន។

លោក សែម សុវណ្ណនី បានលើកឡើងនូវប្រសាសន៍៣ចំណុចដោយសង្កត់ធ្ងន់ថា ទី១ យើងត្រូវរួបរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបាន ទី២ រួមសាមគ្គីគ្នាធ្វើការឱ្យបានល្អ ទី៣ ប្រតិបត្តិករជាអ្នកដោះមីនដោយផ្ទាល់ប្រៀបបាននិងសមរភូមិមុខ ដោយឡែកអាជ្ញាធរមីន ជាអ្នកសម្របសម្រួលនិងជាអ្នកបង្កើតគោលនយោបាយ៕