សម្តេច ហ៊ុន ម៉ាណែត ជឿជាក់ថា មន្រ្តីរាជរដ្ឋាភិបាល មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា មន្រ្តីរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ មិនធ្វើអ្វីដើម្បី បំផ្លាញជាតិខ្លួនឯងនោះទេ តែផ្ទុយទៅវិញពួកគេបានគិតគូគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

សម្ដេចថ្លែងបែបនេះ បន្ទាប់ពីកាសែតខេមបូឌាដេលី បានចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ បង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចថ្លែងថា សម្ដេចតេជោ ហ៊ុន សែន តែងតែលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយចិនមកសាងសង់នោះទេ គឺសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងទម្រង់ BOT មានន័យថា «សាងសង់ធ្វើអាជីវកម្មហើយ ផ្ទេរជូនរដ្ឋ»។

សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាមិនខ្ចីលុយគេរហូតទៅដល់ជំពាក់វ័នករ ដូចពាក្យគេថានោះទេ ព្រោះកម្ពុជាមានច្បាប់របស់កម្ពុជាប្រចាំឆ្នាំ។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាល សម្ដេចតេជោ អាណត្តិមុន ខិតខំធ្វើការដើម្បីបម្រើជាតិ ខ្ញុំត្រូវចេញការពារនូវភាពត្រឹមត្រូវរបស់គាត់ ដែលខ្ញុំត្រូវបំភ្លឺដើម្បីឱ្យប្រជាពលរដ្ឋយើងបានយល់ដឹងថា មន្រ្តីរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងអាណត្តិទី៧នេះ មិនធ្វើអី!ដែលមិនទទួលខុសត្រូវ ហើយមិនធ្វើអី!ដើម្បីបំផ្លាញជាតិនោះទេ តែផ្ទុយទៅវិញគិតគូគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការកសាងព្រែកជីកនេះផង»។

លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំទៅដោយក្រុមអ្នកជំនាញសិក្សា និងគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាប្រយោជន៍សម្រាប់ជាតិ។

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងករណីខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ចំពោះការចុះផ្សាយរបស់ កាសែតឌីខេមបូឌាដេលីផងដែរ កាលពីយប់ថ្ងៃ២៦ ខែធ្នូឆ្នាំ២០២៣។ ដោយសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា «ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់»៕