សិក្ខាកាម ១៨នាក់ បញ្ចបវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន

ភ្នំពេញ៖ សិក្ខាកាម ចំនួន១៨នាក់ បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន ដែលមានរយៈពេល៤សប្តាហ៍ប្រកដោយជោគជ័យថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ ។ វគ្គហ្វឹកហ្វឺននេះ បានផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការប្រើប្រាស់គ្រឿងចក្រ រួមទាំងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាគ្រូបង្គោល ដើម្បីធានាដល់ការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធិភាព គុណភាព និងធានាបាននូវសមត្ថភាពខ្ពស់។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន តាំងនាមក្រសួងការពារជាតិ លោកស្រី Matsuzawa Tomoko នាយកកិច្ចសហប្រតិបត្តិការការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផ្នែកគោលនយោបាយថ្នាក់តំបន់ នៃការិយាល័យគោលនយោបាយការពារជាតិនៃក្រសួងការពារជាតិជប៉ុនបានថ្លែងអំណរគុណដល់កម្ពុជា ដែលផ្តល់នូវកិច្ចសហការគាំទ្រយ៉ាងធំធេងក្នុងការអនុវត្តគម្រោងនេះ។

លោកស្រីបន្តថា គម្រោងនេះត្រូវបានអនុវត្តដើម្បីគាំទ្រ ដល់ការបញ្ជូនកងកម្លាំងកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហ ប្រជាជាតិ។ លើសពីនេះ នាពេលខាងមុខ ក្រសួងការពារជាតិ និងកងស្វ័យការពារជាតិជប៉ុន នឹងបន្តរក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយកម្ពុជា ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះ លោក Taninai Ichimoto ភារធារី ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរម្លឹកថា កម្ពុជា ជាប្រទេសទី១ ដែលជប៉ុនបានបញ្ជូនកងកម្លាំងមកបំពេញបេសកកម្មរក្សាសន្តិភាព ហើយនេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ គិតមកដល់ពេលនេះ មានរយៈពេល៣០ឆ្នាំទៅហើយ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាខ្លាំង។

លោកស្ញើចសរសើចំពោះភាពហ្មត់ចត់របស់សិក្ខាកាមកម្ពុជា ដែលខិតខំប្រឹងប្រែងបញ្ជាគ្រឿងចក្រដែលត្រូវការបច្ចេកទេសខ្ពស់ ជាមួយការចង្អុលបង្ហាញពីយោធាចារ្យជប៉ុន។ តាមរយៈគម្រោងនេះ លោក Taninai Ichimoto ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត។

លោក តន់ សាលី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា វគ្គសិក្សាដែលបានបញ្ចប់នៅពេលនេះ ជា មោទនភាព មួយបន្ថែមទៀត សំរាប់ មាតុភូមិយើង និងជា ប្រទីបមួយ បំភ្លឺ ផ្លូវដល់សិក្ខាកាមកម្ពុជា ដោយនាំ មក នូវ ចំណេះដឹង ចំណេះ ធ្វើ កាន់តែល្អប្រសើរ បន្ថែម ទៀត។

ជាមួយគ្នានោះ លោក ថ្លែងអំណរគុណ  ជូនចំពោះ យោធាចារ្យទាំងអស់ ដែលបាន លះ បង់ ពេល វេលាផ្ទាល់ខ្លួនមកជួយបង្វឹក និង      បញ្រ្ជាប ធាតុចូល សំខាន់ ៗ ដល់សិក្ខាកាមទាំងអស់ និងសូមថ្លែងអំណរគុណ ដល់    រដ្ឋាភិបាលជប៉ុន ដែលបានខិតខំផ្តួចផ្តើមឱ្យមាន វគ្គ ហ្វឹកហ្វឺនដ៏មានសារសំខាន់នាពេលនេះ ជា ពិសេស ដើម្បី ឈាន   ដល់ការធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគី (ជប៉ុន អ.ស.ប និងកម្ពុជា) ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់ គ្រឿង ចក្រ វិស្វកម្មធុនធ្ងន់ ឆ្នាំ២០២៤ ដែលគម្រោង នេះ គឺជាគំនិត ផ្តួចផ្តើម របស់ ឯកឧត្តម Shinzo ABE អតីតនាយក រដ្ឋ មន្រ្តី នៃប្រទេស ជប៉ុន ៕