កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង លោក អាន ស៉ឹងដេ (Anh Seungdae) អគ្គនាយក នៃការិយាល័យគោលនយោបាយ រដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណ:កូរ៉េខាងត្បូងបានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ។
ជំនួបសំដែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងគោលបំណង ពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលខេត្ត និងការិយាល័យគោលនយោបាយរដ្ឋបាលមូលដ្ឋានឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនឱ្យចេញជាផ្លែផ្កាជាក់ស្តែង។
លោក គង់ សោភ័ណ្ឌ ថ្លែងថា៖«ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគីផងដែរ»៕