លោក ស សុខា ប្រកាសជំហរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

បន្ទាយមានជ័យ ៖ លោក ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។

លោក ស សុខា បានប្រកាសបែបនេះ នៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយពិធីនេះ មានការចូលរួមពី លោក ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។

នាឱកាសនោះ លោកបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។

លោក ស សុខា ថ្លែងថា៖«ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ សម្រេចសាងសង់មជ្ឈមណ្ឌលសំចត​ និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស»។

ជាមួយគ្នានោះ លោក ស សុខា បានចាត់ទុកសមិទ្ធផលនេះ ថាជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។

បន្ថែមលើគោលជំហរ និងការប្ដេជ្ញាចិត្តដូចបានបញ្ជាក់មកនេះ លោក ស សុខា ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌល ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈការផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព គ្មានការរើសអើង និងបរិយាប័ន្ន ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬពិការភាព។

ក្នុងឱកាសនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជារូបនេះ  ក៏បានអំពាវនាវ ស្នើសុំរាជរដ្ឋាភិបាលថៃ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងបណ្ដាដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់និកាយសាសនា និងប្រជាពលរដ្ឋ បន្កកិច្ចសហប្រតិបត្តិការ គាំទ្រ និងចូលរួមអនុវត្តឱ្យបានសកម្មខ្លាំងក្លាបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ដោយឈរលើស្មារតីនៃការគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី គឺ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕