ក្រសួងទេសចរណ៍រៀបចំគោលការណ៍ណែនាំស្តីពី “ការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ និងការវាយតម្លៃសមិទ្ធកម្ម”

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ និងផ្តល់យោបល់លើឯកសារគោលការណ៍ណែនាំស្តីពី “ការរៀបចំផែនការអភិវឌ្ឍនទេសចរណ៍ និងការវាយតម្លៃសមិទ្ធកម្ម”។   កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ។

ជាមួយគ្នានេះ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយដ្ឋាន និងមន្ត្រីជំនាញ ចំណុះអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការ សរុបចំនួន ៥០រូប។

គោលការណ៍ណែនាំខាងលើ គឺជាឯកសារគន្លឹះសម្រាប់តម្រង់ទិស និងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ត្រីបង្គោលទទួលបន្ទុកការងារផែនការរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត លើការកសាងផែនការអភិវឌ្ឍទេសចរណ៍រយៈពេល៥ឆ្នាំ របស់រដ្ឋបាលរាជធានី-ខេត្ត ការរៀបចំផែនការគោល/ប្លង់គោលអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ចីរភាព និងបរិយាប័ន្ន។

លើសពីនេះទៅទៀត ឯកសារគោលការណ៍ណែនាំនេះ គឺបានចង្អុលបង្ហាញពីនីតិវិធីវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលរាជធានី-ខេត្ត សំដៅពិនិត្យតាមដានវឌ្ឍនភាពការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

ជានីតិវិធីឯកសារនេះនឹងត្រូវឆ្លង កិច្ចប្រជុំកម្រិតបច្ចេកទេស ចំនួន ២លើកបន្ថែមទៀត និងសិក្ខាសាលាពីគ្រោះយោបល់ថ្នាក់ជាតិ១លើក មុននឹងដាក់ឆ្លងពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍៕