ជប៉ុន ប្ដេជ្ញាបន្តធ្វើការជាមួយកម្ពុជា សំដៅសម្រេចជោគជ័យថ្មីៗ ដែលជាប្រយោជន៍រួមបន្ថែម

ជប៉ុន៖ លោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើការប្ដេជ្ញាបន្តធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជាថ្មី សម្តេច ហ៊ុន ម៉ាណែត បន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗ ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន ។

ជាការឆ្លើយតប សម្តេច សម្តែងនូវការអបអរសាទរចំពោះជោគជ័យរបស់ប្រទេសជប៉ុន នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងពីរ និងបានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនពាក់ព័ន្ធនឹង AZEC ក៏ដូចជាគំនិតផ្តួចផ្តើមចំនួន ៣ ផ្សេងទៀត រួមមាន៖ (i) “ដៃគូចិត្ត នឹងចិត្តគ្រប់ជំនាន់/Heart-to-Heart Partners across Generations”; (ii) “ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម/Partners for Co-creation of Economy and Society” និង (iii) “ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព/Partners for Peace and Stability” ។

បន្ថែមពីនេះ ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំ នៃចំណងការទូតកម្ពុជា-ជប៉ុន, និងជាឆ្នាំនៃការដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញ នូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុនជាដើម ។

ឆ្លៀតក្នុងឱកាសនោះផងដែរ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈកាលកន្លងមក។

ជាមួយគ្នានោះ លោក នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា នឹងបន្តធ្វើការជាមួយ សម្តេចធិបតី បន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗ ជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន៕