អ្នកនាំពាក្យ៖ ក្រសួងមហាផ្ទៃនឹងស៊ើបអង្កេតករណីស្នើឱ្យដកលោក អុំ រាត្រី ចេញពីអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖​ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា ក្រសួងបានទទួលព័ត៌មានរួចហើយករណីស្នើឱ្យដកលោក អុំ រាត្រី ចេញពីអភិបាលខេត្តបន្ទាយមានជ័យ ។ ទោះបីរឿងនេះ ក្រៅផ្លូវការតាមរយៈការបែកធ្លាយតាមបណ្តាញសង្គម និងសារព័ត៌មានក៏ដោយ។

លោក ទូច សុខៈ  ប្រាប់ Khmer CM នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ថា ករណីនេះ ក្រសួងមហាផ្ទៃ មិនបានប្រងើយកន្តើយនោះទេ ពោលគឺកំពុងតែយកចិត្តទុកដាក់ប្រមូលព័ត៌មាន ទាំងសងខាង ឱ្យបានគត់មត់ជាទីបំផុត ។ ប៉ុន្តែ ក្នុងករណីចាំបាច់ណាមួយនោះ ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលលើការចាត់ក្រុមជំនាញរបស់ក្រសួងចុះទៅស្រាវជ្រាវ ស៊ើបអង្កេត ករណីលើកឡើងថា លោក អុំ រាត្រី បានលូកដៃ និងជ្រាតជ្រែងក្នុងកិច្ចការងារថ្នាក់ក្រោមក្នុងប្រការណាមួយឱ្យពិតប្រាកដ ។

លោក ទូច សុខៈ សង្កត់ធ្ងន់ទៀតថា ជាមួយគ្នានេះដែរ ក្រុមមន្ត្រីជំនាញក៏នឹងធ្វើការស៊ើបអង្កេតករណីមិនអ​នុវត្តចំពោះការដាក់គោលការណ៍ និងផែនការ នៃការដឹកនាំរបស់ថ្នាក់ លើ (ដឹកនាំរបស់លោក អុំ រាត្រី) ទៅថ្នាក់ក្រោម មានការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ ព្រមទាំងម្ចាស់ការ ហើយបានរាយការណ៍ប្រកបដោយស្មារតី និងទទួលខុសត្រូវ ក្នុងនាមអាជ្ញាធរក្រោមឱវាទដែរ ឬទេ ?

ទោះជាយ៉ាងណា  លោក ទូច សុខៈ បានអះអាងថា ករណីសាចទឹកដាក់គ្នា កើតចេញពីទំនាស់បុគ្គល ឬក៏យ៉ាងណានោះទេ ។ ដូច្នេះ ទាមទាឱ្យមា​នការសិក្សា​ឈានទៅរកការស្រាវជ្រាវមួយ ឱ្យបានគត់មត់ បំផុត លើបុព្វហេតុទាំងនោះ ។ ប៉ុន្តែ ក្នុងកាលៈទេសៈនេះ  ភាគីទាំងពីរ រក្សាភាពស្ងប់ស្ងាត់មួយជំហ៊ាន  បើកាន់តែល្អថែមទៀត គួរតែមានការជួបជុំគ្នា យកបញ្ហានោះ មកដាក់លើតុ ដើម្បីដោះស្រាយ ដោយសន្តិវិធី។

ជាមួយគ្នានោះ លោក ទូច សុខៈ បានផ្តល់ទស្សនៈទានថា បើសិនជាភាគីទាំងសងខាង មិនហ៊ានប្រឈមមុខតទល់ដាក់គ្នាទេ គួរតែមានការបង្កើតក្រុមការងារចំពោះកិច្ចមួយ  ដើម្បីសម្របសម្រួល និងដោះស្រាយ ក៏ជាការល្អផងដែរ។

កាលពីពេលថ្មីៗនេះ មានករណីបែកធ្លាយ  លោក សាន ស៊ាហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែត ហាក់ទ្រាំលែងចំពោះទង្វើរបស់លោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ដែលលូកដៃចូលកិច្ចការងារថ្នាក់ក្រោម និងបង្កើតបក្ខពួក  បាន ស្នើដល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកចេញពីដំណែង  ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋនៅក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយនេះ ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋចំនួន ២ភូមិ មានចំនួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់ នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្លាស់ប្តូរលោក អ៊ុ រាត្រី អភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ចេញពីខេត្តព្រោះ អសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នា ជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាពបំពានច្បាប់ជាអាទិ៍  ជាពិសេសដោះស្រាយទំនាស់ដីធ្លីជិត ២០ឆ្នាំជូនពួកគេមិនបាន។

នៅក្នុងលិខិតស្នើសុំ លោក ស សុខា  ដែលមានស្នាមមេដៃ របស់ប្រជាពលរដ្ឋចុះថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២៣ បានសរសេរថា៖« យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ មានវិវាទ ទំនាស់ដីធ្លី ជិត ២០ឆ្នាំមកហើយប៉ុន្តែមិនមានអាជ្ញាធរជួយដោះស្រាយនោះទេ  »។

លិខិតដដែលសរសេរបន្តថា៖« ជាពិសេសគឺអាណត្តិលោក អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីមួយចំនួនទៀត មិនអើពើដោះ ស្រាយបញ្ហាជូនយើងខ្ញុំ បែរជាឃុបឃិតគ្នាអោយតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលមានលោក ឳក សុផាន រួម ទាំងបក្ខពួក ឃុបឃិតគ្នាដើរធ្វើទុក្ខបុកម្នេញគំរាមសម្លុត និងចាប់ប្រជាពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឲ្យយើងខ្ញុំជាប្រជា ពលរដ្ឋរស់នៅបានសុខនោះឡើយ»៕