កងអនុសេនាធំអាវុធហត្ថលេខ១៧១ ចំនួន ៧៣នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា

ភ្នំពេញ៖ កងអនុសេនាធំអាវុធហត្ថលេខ១៧១ ចំនួន ៧៣ នាក់  បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុខសុវត្ថិភាពនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។

កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះជាកងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួនសរុប៧៣នាក់ ក្នុងនោះមាននារី ៣៣នាក់ ស្មើនឹង៤៧ភាគរយ។ នេះជាកងដែលមាននារីច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។

លោក សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងពេលទទួលកងកម្លាំងមួកខៀវកម្ពុជា ដែលបានមកដល់មាតុភូមិ បានលើកឡើងថា កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានអនុវត្តភារកិច្ចដូចកង មុនៗ ផងដែរ ដោយឡែក យោធិននារីក៏មានឱកាសចូលរួមសកម្មភាពការងារ យ៉ាង សកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបីជាស្ថិតក្នុង ស្ថាន  ភាពអសន្តិសុខក៏ដោយ ដែលនេះជាការ បង្ហាញ ពីវីរភាពរបស់កងយោធពល ខេមរភូមិន្ទ។

គួរបញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិក្នុងចំណោម៦៣ប្រទេសបរិច្ចាគកងកម្លាំង នាខែមេសា ឆ្នាំ២០១២។ កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការពារដល់ជនស៊ីវិលធ្វើការល្បាតថ្មើរជើងនិងតាមរថយន្តរយៈពេលខ្លី មធ្យម និងវែង ធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា ដែលបង្កឡើងដោយមួកខៀវប្រជាមួយប្រជាពលរដ្ឋ និងអនុវត្តភារកិច្ចតាមបទបញ្ជាររបស់បេសកកម្ម។ ទន្ទឹមនោះ ក៏បានការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសបរិច្ចាគកម្លាំង ដែលបានចុះទស្សនកិច្ចកងកម្លាំងរក្សាសន្តិភាព ក្នុងតំបន់បេសកកម្ម UNMISS ៕