មេធាវីក្រុមហ៊ុន ឈីវ ទីម៉ិច ដាក់ពាក្យប្តឹង លោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទាមទារប្រាក់១០ ម៉ឺនដុល្លារ ជាថ្នូរ និងការបើកអាជីវកម្មរបស់ក្រុមហ៊ុនធម្មតាវិញ

ភ្នំពេញ៖ លោក អ៊ូច សុភត្រា មេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុបដាក់ពាក្យប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំ ដោយ លោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការ ទៅអគ្គាធិការក្រសួងមហាផ្ទៃ  ទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មក្រុមហ៊ុនធម្មតាវិញ។

លោក អ៊ូច សុភត្រា បានសរសេរនៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣ ហើយត្រូវបានបានផ្សព្វផ្សាយតាមបណ្តាញ នាពេលថ្មីៗនេះ ថា« កាល ពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុម ដឹកនាំដោយឯកឧត្តម គឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិ ការបានចូលមកក្នុងទីតាំង ឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុនកូនក្ដីខ្ញុំបាទ ដោយចោទប្រកាន់ថាផលិតផលរបស់ ក្រុមហ៊ុនកូនក្ដីខ្ញុំបាទមានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតំរូវអោយដកហូតស្រា មួយចំនួនទៅពិនិត្យ និងតំរូវអោយបិទសៀលលើទ្វារឃ្លាំងមិនអោយក្រុមហ៊ុនកូនក្ដីខ្ញុំបាទធ្វើអាជីវកម្មបាន និង ទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន កូនក្ដីខ្ញុំបាទក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធអោយ ក្រុម ឯកឧត្តម គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់អោយអ្នកតំណាងក្រុមហ៊ុន ផ្តិតមេ ដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការឡើយ»។

លោក អ៊ូច សុភត្រា បានសរសេរបន្តថា៖«ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនកូនក្ដីខ្ញុំបាទបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះ ដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ។

នៅក្នុងពាក្យបណ្តឹងនេះ លោក មេធាវី អ៊ូច សុភត្រា បានសូមសំណូមពរស្នើសុំដល់ ឯម វិចិត្រ អគ្គាធិការនៃក្រសួងមហាផ្ទៃ អោយ លោកគឹម ជាតិ ប្រគល់ស្រាចំនួន 48ដប ដែលបានដកហូតអោយក្រុមហ៊ុនវិញ ,ស្នើសុំអោយ លោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក) អោយមកក្រុម ហ៊ុនកូនក្ដីរបសើលោក វិញ និង ស្នើសុំអោយលោក អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះ លោក គឹម ជាតិ ដែលបាន ប្រព្រឹត្តកំហុសធ្វើអោយ ប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

នៅក្នុងបណ្តឹងដដែលនេះ សង្កត់ធ្ងន់ទៀតថា៖«សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាជួយអន្តរាគមន៍ និងមានវិធានការច្បាប់ តាមនីតិវិធីចំពោះទង្វើ និងសកម្មភាព ឯកឧត្តម កឹម ជាតិ ដែលបានប្រព្រឹត្តិកន្លងមក ដើម្បីផ្តល់នូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសដល់ក្រុមហ៊ុនកូនក្ដីខ្ញុំបាទ ដោយក្ដីអនុគ្រោះបំផុត»៕