ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិវៀតណាមសរុប ២៥៧នាក់ ស្រី ៥៦នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មេីសអន្តោប្រវេសន៍ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។
ជនជាតិវៀតណាម ទាំង២៥៧នាក់ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅ សង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល នឹងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិប៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីធ្វេីការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។
ជនជាតិវៀតណាមខាងលើត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើសអន្តោប្រវេសន៍រួមមាន បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា ។ កន្លងមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឲ្យកាន់តែមានប្រសិទ្ធភាព ៕