ក្រសួងកសិកម្ម និងសហភាពអឺរ៉ុបដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចសិក្សាអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប ដឹកនាំ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័ននានានៅក្នុងប្រទេសចុះទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលរបស់ដំណាំស្វាយចន្ទី និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនការវិនិយោគឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី។

ក្រសួងកសិកម្មបញ្ជាក់ថា ដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ធ្វើឡើងមានរយៈពេល ៤ថ្ងៃ ៣យប់ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ។

នាឱកាសចូលរួមបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣  លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យមានការសហការគ្នាចែករំលែកទិន្នន័យដាំដុះ និងទិន្នផលទាំងអស់ ដើម្បីមានភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងកែច្នៃនាំចេញ។

លោក សង្កត់ធ្ងន់ងថា«ដូច្នេះការផលិត ការកែច្នៃត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះដែរ ត្រូវកាត់បន្ថយថ្លៃដើមផលិត និងទុនវិនិយោគ ដើម្បីជួយដល់កសិករ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ»។

លោកបានបញ្ជាក់បន្ថែមផងដែរថា ការដាក់ព ង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ពិតជាចាំបាច់ក្នុងផ្តល់សេវាផ្សព្វផ្សាយកសិកម្មកាន់តែខិតជិតកសិករ និងជួយសម្រួលពួកគាត់ដោះស្រាយបញ្ហាប្រឈមផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕