ស្អែកនេះ ក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA! ដាក់ពាក្យភ្លាម សម្ភាសភ្លាម!

ភ្នំពេញ៖​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។

ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕