ភ្នំពេញ៖ កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាអាទិភាព រួមមាន៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា។នេះបើយោងតាមជំនួបរវាង លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។
ក្នុងឱកាសនោះ លោកស្រី សឿង រដ្ឋចាវី បានថ្លែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះលោកសាន់តូ ដាម៉ូស៊ូម៉ាតូ ដែលទើបនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មីប្រចាំកម្ពុជា និងបានជូនពរលោក ឱ្យការបំពេញបេសកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ។
ជាការឆ្លើយតប លោកសាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានស្នើឱ្យក្រសួង ផ្តល់ការជួយគាំទ្រ និងកិច្ចសហការជិតស្និទ្ធនៅក្នុងអាណត្តិការទូតរបស់លោកផងដែរ។
ជាមួយគ្នានោះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ដែលបានបន្តរីកចម្រើនជាលំដាប់ លើវិស័យជាច្រើន និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា។
ស្របពេលជាមួយគ្នានោះ ភាគីកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការជិតស្និទ្ធ ជាមួយភាគីឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕