ភ្នំពេញ៖ ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ កម្ពុជា-ចិន ប្តេជ្ញាចិត្តបន្តគាំទ្រ គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។
នេះ បើតាមខ្លឹមសារនៃ ជំនួប រវាង សម្តេច ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោកស្រី ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។
ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆារ និងអង្គរ» ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។
ជាមួយគ្នានោះ ភាគី ចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវ កំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន៕