ក្រសួងយុត្តិធម៌រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាព័ត៌មានសមិទ្ធកម្ម”

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាព័ត៌មានសមិទ្ធកម្ម” ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ ក្នុងក្របខណ្ឌនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំធ្វើ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣  ក្រោមវត្តមាន លោក កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់លើប្រធានបទចំនួន ៣ រួមមាន៖ ប្រធានបទទី១៖ “ការរៀបចំគម្រោងថវិកាព័ត៌មានសមិទ្ធកម្ម” ប្រធានបទទី២៖ “ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម” និង ប្រធានបទទី៣៖ “កិច្ចបញ្ជិកាគណនេយ្យ”។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដេីម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព នៃការអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យកាន់តែមានភាពមុតស្រួចឆ្លើយតបទៅនឹងទិសដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវិស័យយុត្តិធម៌៕