ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៤:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចមុខរោងលក់ដូរលើទឹក ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឆេង ចាន់ដេត ភេទប្រុស ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ទីលំនៅបុរីរុងរឿង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានចាប់យកវត្ថុតាងមួយចំនួន៖ រថយន្ត ០១គ្រឿង ,ម៉ូតូ ០៤គ្រឿង ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។

បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាមនីតិវិធី៕