ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីពិព័រណ៍រូបថត ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»។
ពិព័រណ៍ដ៏មានសារៈសំខាន់ខាងលើ នឹងរៀបចំរយៈពេល១៥ថ្ងៃ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ក្នុងអំឡុងពេលនៃពិព័រណ៍នេះ សាធារណជនទាំងអស់អាចចូលទស្សនា និងឈ្វេងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរកាលពីជាង៣០ឆ្នាំកន្លង ដោយសេរី។
ជាសមួយគ្នានេះ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។
វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។
បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាលដំណាលគ្នានឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា៕