ភ្នំពេញ៖ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា កម្ពុជាមានកសិផលដែលមានសក្តានុពលច្រើន សម្រាប់នាំចេញទៅប្រទេសជប៉ុន ដូចជា៖ ផ្លែស្វាយស្រស់ និងស្វាយចន្ទីជាដើម។
ក្នុងជំនួបជាមួយលោក កាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម លោក ឌិត ទីណា បានសម្ដែងនូវការថ្លែងអំណរគុណចំពោះភាគីជប៉ុន ដែលបានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាដល់អ្នកវិនិយោគជប៉ុន។
ចំពោះការវិនិយោគក្នុងវិស័យកសិកម្ម លោក ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលដែលមានសក្តានុពលច្រើនសម្រាប់នាំចេញទៅប្រទេសជប៉ុន ដូចជា ផ្លែស្វាយស្រស់ និងស្វាយចន្ទី ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់។ សម្បកគ្រាប់ស្វាយចន្ទីក៏ជាផលិតផលដែលកំពុងត្រូវការទីផ្សារ សម្រាប់យកទៅផលិតជាថាមពលជីវម៉ាសផងដែរ។
សម្រាប់ការវិនិយោគវិស័យកសិកម្មនៅប្រទេសកម្ពុជា លោក ឌិត ទីណា សង្កត់ធ្ងន់ថា ក្រសួងស្វាគមន៍ និងត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រ សហការ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគជប៉ុន មានលទ្ធភាពចូលមកវិនិយោគនៅកម្ពុជាបានដោយពុំមានឧបសគ្គរាំងស្ទះ។
ជាមួយគ្នានោះ លោក រដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍកសិកម្មកម្ពុជា ដែលនឹងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យរឹងមាំ និងទុកចិត្តបាន ដើម្បីផ្គត់ផ្គង់ដល់ការនិយោគទ្រង់ទ្រាយធំ។ សហគមន៍កសិកម្មទំនើបនេះ នឹងមានភាពម្ចាស់ការ ទុនបង្វិល និងធនធានមនុស្សដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ទន្ទឹមគ្នានេះ ក្រសួងក៏នឹងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មចំនួន ១.៦០០នាក់ សម្រាប់ជួយដល់កសិករក្នុងមូលដ្ឋានទាំងបច្ចេកទេស និងទីផ្សារ។
ទាក់ទងនឹងការងារផ្នែកហិរញ្ញវត្ថុ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីកិច្ចសហការថ្មីមួយជាមួយធនាគារវីង ដែលផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨%ក្នុងមួយឆ្នាំ ដើម្បីរួមចំណែកជួយដល់កសិករក្នុងការងារកសិកម្ម ហើយនេះជាគំរូមួយដែលធនាគារដទៃទៀត អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជាមួយក្រសួង ដើម្បីជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាកសិករ និងការអភិវឌ្ឍនៃវិស័យកសិកម្មកម្ពុជា៕