សម្តេច ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅក្នុងរយះពេល៣ខែនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច មិនមែនជារាជរដ្ឋាភិបាលដេក និងចេះតែដើរខ្ចីលុយគេនោះទេ។ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)នាព្រឹកថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។
ឆ្លើយតបទៅនឹងក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួន សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា «ពីមុនគេថា សម្តេចតេជោ ជារដ្ឋាភិបាលស្ម៉ំ តែឥឡូវគេថា រាជរដ្ឋាភិបាល៩០ថ្ងៃនេះ ជារដ្ឋាភិបាលដេក និងដើរតែខ្ចីលុយគេ ប៉ុន្តែ ៩០ ថ្ងៃនេះ យើងមិនបានដេកទេ យើងបានទាក់ទាញអ្នកវិនិយោគ ការទាក់ទងបើកច្រកទំនាក់ទំនងទេសចរណ៍ ទំនាក់ទំនងប្រជាជន និងប្រជាជន យើងមិនដេក និងចេះតែដើរខ្ចីលុយគេនោះទេ»។
ពាក់ព័ន្ធនឹងការខ្ចីលុយពីបរទេសវិញ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ ថា «ប្រសិនបើមិនខ្ចីថវិកាបរទេសដើម្បីកសាងផ្លូវសំរាប់ប្រជាពលរដ្ឋប្រើសិនទេ សួរថាពេលណាទើបអាចយកថវិកា ជាង៦០០លានដុល្លាមកកសាងផ្លូវបាន ?។ សម្ដេចបន្ថែមថា« យើងខ្ចី តែយើងមានការទទួលខុសត្រូវ អាចមានលទ្ធផលសង ហើយខ្ចីយកមកវិនិយោគត្រឹមត្រូវ ជួយផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ យើងបានគិតគូច្បាស់ពីគម្រោងចំណាយលើការវិនិយោគ។
បើតាមហ៊ុន ម៉ាណែត គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧នេះ បានផ្តល់អាទិភាពគន្លឹះចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” យើងលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យ ដឹកជញ្ជូន និងឡូជីស្លឹក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល” ដែលជាសរសៃរឈាមរស់ទាំងអស់គ្នា ជាពិសេសក្នុងរយៈពេល៣ខែដំបូង រាជរដ្ឋាភិបាលអាណត្តិទី៧ ខិតខំគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេស ឲ្យមកធ្វើការវិនិយោគនៅក្នុងស្រុកឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈកម្ចីមួយផ្នែក និងគម្រោងវិនិយោគ«BOT» ប្រើប្រាស់ធនធានវិស័យឯកជនមួយផ្នែក មិនមែនដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីដើរតែខ្ចីលុយគេនោះទេ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋភិបាល នៅថ្ងៃទី ២២ ខែវិច្ឆិកា នេះ បានថ្លែងថា ថ្ងៃទី២២ វិច្ឆិកា នេះ គឺជាខួបគម្រប់៣ខែគត់នៃរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។ ក្នុងរយៈពេល ៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ៥ឆ្នាំ ប៉ុន្តែ ៣ខែកន្លងទៅនេះ គឺជាពេលវេលាដែលប្រមុខដឹកនាំថ្មីវ័យក្មេងរបស់កម្ពុជាបញ្ចេញថ្វីដៃយ៉ាង ក្លៀវក្លាដោយបង្ហាញពីលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅទៀត។
លោក ថ្លែងថាថា៖«មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែត្រូវបង្ហាញលទ្ធផល ជាក់ស្តែងនៅលើដី។ នេះគឺជាគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងជានិច្ចកាល ទន្ទឹងរង់ចាំសាច់ការជាក់ស្តែង លឿនរហ័ស និងប្រសិទ្ធភាព ច្រើនជាង សូត្រទ្រឹស្តី»។
ជាមួយគ្នានោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបង្ហាញជូនសមិទ្ធផលការងាររយៈពេល៣ខែដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ ៕