ភ្នំពេញ៖ ក្រុមហ៊ុន SageRan របស់ប្រទេសចិន បានស្វែងរកដៃគូវិនិយោគលើការផ្តល់សេវាទូរស័ព្ទ និងសេវាinternet នៅកម្ពុជា ខណៈក្រុមហ៊ុននេះ បានផ្តល់សេវាទូរស័ព្ទ និង Internet កម្រិត 4G & 5G និងមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានី ប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះ ពើតាម ជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា និងលោក Deng Yongzhi នាយកក្រុមហ៊ុន SageRan និងសហការី និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសភាពាណិជ្ជកម្មកម្ពុជា។
នាឱកាសនោះ លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះដែរ លោកDeng Yongzhi ថ្លែងថា ថាក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាinternet កម្រិត 4G & 5G ដែលមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានីប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន។គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះគឺដើម្បីស្វែងរកដៃគូវិនិយោគក្នុងស្រុក។
ជាការឆ្លើយតប ជា វុទ្ធី ថ្លែងថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការវិនិយោគក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់គឺជាវិស័យអាទិភាពទី១ ដែលទទួលបានការលើកទឹកចិត្តអតិបរមា។ ជាមួយគ្នានេះដែរ លោកបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយនិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សានិងស្វែងរកដៃគូវិនិយោគរួមគ្នា។ គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងរង់ចាំផ្តល់កិច្ចសម្រួលក្នុងការដាក់ពាក្យស្នើសុំវិនិយោគ៕