ធនាគារពិភពលោករកឃើញថា ទឹកជំនន់បង្កហានិភ័យច្រើនដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

ភ្នំពេញ៖ ទឹកជំនន់ក្នុង​រដូវវស្សា ​គឺជា​គ្រោះមហន្តរាយ​​ដែលប្រទេសកម្ពុជា​ជួបប្រទះជា​ញឹកញាប់​បំផុត ដែល​សឹង​តែ​ថា​វា​ជា​រឿង​ធម្មតាទៅហើយ។ រៀងរាល់ប្រាំឆ្នាំម្តង ប្រទេសនេះ​តែងមាន​​ទឹកជំនន់ធំៗកើតឡើង ដែលបង្ក​ការ​បំផ្លិចបំផ្លាញហិនហោចខ្លាំង។ នៅ​ក្នុង​ឆ្នាំ២០១១ គ្រោះ​ទឹក​ជំនន់​បាន​​ប៉ះ​ពាល់​ដល់​ប្រជាន​ជាង ១ ៧០០ ០០០នាក់ ក្នុងនោះ មនុស្ស ២៥០នាក់បានស្លាប់ និង​​ ៥០ ០០០ផ្សេងទៀត គ្មាន​ផ្ទះ​សម្បែង។

ជារឿយៗ ផលប៉ះទង្គិច​របស់​ទឹកជំនន់ទៅលើហេដ្ឋរចនាសម្ព័ន្ធ​វិស័យ​អប់រំ និងសុខាភិបាល ត្រូវបានគេមើលរំលង នៅពេលដែល​ព្រឹត្តិការណ៍ទាំងនេះអាចមានផលវិបាកយូរអង្វែងយ៉ាងធ្ងន់ធ្ងរ ទៅលើធនធានមនុស្ស និងផលិតភាពរបស់​ប្រជាជន។ ផលវិបាកផ្នែកសុខាភិបាល នៅពេលដែលមន្ទីរពេទ្យត្រូវ​បិទទ្វារ​បណ្ដោះអាសន្នដោយសារ​ទឹកជំនន់ អាចជះឥទ្ធិពលអវិជ្ជមាន​យូរអង្វែងលើកុមារ និងមូលធនមនុស្ស នាពេលអនាគត។

យោងតាមធនាគារពិភពលោក លទ្ធភាពនៃការចុះអន់ថយសុខភាពរបស់​កុមារ ជារឿងសំខាន់នៅ​ក្នុងប្រទេសមួយដែលកុមារចំនួន​ ៣២នាក់ក្នុងចំណោម ១០០នាក់ មានភាពក្រិន ហើយអាច​ប្រឈម​នឹង​កង្វះខាតក្នុងការលូតលាស់ផ្នែកសមត្ថភាពយល់ដឹង និងផ្នែកសារពាង្គកាយ ពេញមួយជីវិត ទៀត​ផង​។

ការធ្លាក់ចុះនៃម៉ោងបង្រៀន នៅពេលដែលសាលារៀនត្រូវបានបិទដោយសារទឹកជំនន់ ធ្វើ​ឱ្យ​ប៉ះទង្គិច​ដល់ការសិក្សារបស់សិស្ស, អាចនាំឱ្យអត្រាបោះបង់ការសិក្សាកើនឡើង ហើយកុមាររៀនមិនទាន់កម្មវិធីសិក្សា ដែលជា​ហេតុ​ធ្វើឱ្យពួកគេក្លាយ​ជា​កម្លាំងទីផ្សារការងារ​ខ្វះគុណភាព នៅពេលអនាគតក្នុងជីវិតរបស់​ពួកគេ​។ តាមរយៈនេះ វិសមភាពក៏កើនឡើងដែរ ដោយសារអ្នកក្រកាន់តែ​មានធនធានតិចជាងមុន សម្រាប់​ទប់ទល់នឹងស្ថានការណ៍​អាក្រក់​ណាមួយ។

ក្រោយ​ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅខេត្តបន្ទាយមានជ័យកាលពី​ឆ្នាំ​២០២១ បង្ខំឱ្យ​សាលារៀនចំនួន ៥០ បិទទ្វារ, ប្រធានមន្ទីរអប់រំខេត្ត បានលើកឡើងពីហានិភ័យនៃវិសមភាពកាន់តែធ្ងន់ធ្ងរ ដោយនិយាយនៅក្នុង​អត្ថបទសារព័ត៌មានមួយ​ថា៖ “សាលារៀនមួយចំនួនត្រូវបានជន់លិច ដែលធ្វើឱ្យសិស្សមិនអាចចូលរៀនបានទេ”។ លោក​បាន​ពន្យល់​បន្ថែម​ថា សិស្ស​ខ្លះក្នុង​គ្រួសារ​ក្រីក្រ ​ក៏​មិន​អាច​រៀន​តាម​កម្មវិធី​សិក្សា​ពី​ចម្ងាយ បានដែរ។

ការស្រាវជ្រាវរបស់ធនាគារពិភពលោក ដែលធ្វើឡើងសម្រាប់នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report/CCDR) បានឱ្យ​យើង​យល់ដឹងច្រើន​ថែម​ទៀត​អំពីផលវិបាកនៃទឹកជំនន់មកលើធនធានមនុស្ស។ ការវិភាគរបស់យើងរកឃើញ​ថា ហេដ្ឋារចនាសម្ព័ន្ធមានហានិភ័យត្រូវ​ទឹក​ជន់លិចជាទៀងទាត់ តាមរយៈ​ការ​ប៉ាន់ប្រមាណរបស់​យើង​អំពីភាពប្រឈម​របស់គ្រឹះស្ថាន​ថែទាំសុខភាព និងការអប់រំ នៅទូទាំងប្រទេស។

ខេត្តភាគច្រើនមានសាលារៀនយ៉ាងហោចណាស់ក៏មួយដែរ ដែលប្រឈមនឹងគ្រោះទឹកជំនន់ធំប្រចាំឆ្នាំ ហើយយើងប៉ាន់ប្រមាណថា ទឹកជំនន់បង្ក​ការ​អាក់​ខានដល់ការរៀនសូត្រ​របស់​សិស្សប្រមាណ ១ភាគរយ ឬ ៣០ ០០០នាក់ ក្នុងមួយឆ្នាំៗ។ ហានិភ័យប្រឈម​ទឹក​ជន់លិចមាន​កម្រិត​ខ្ពស់ណាស់សម្រាប់​សាលារៀននៅតាមដងទន្លេមេគង្គ និងអាងទន្លេសាប ហើយគ្រឹះស្ថានសេវាសុខាភិបាលនៅតាមដងទន្លេមេគង្គ និងនៅតាមឆ្នេរសមុទ្រ ក៏​ងាយ​ប្រឈមនឹងការ​ជន់លិចដែរ។ ខេត្តស្ទឹងត្រែង និងក្រចេះ គឺជាខេត្តពីរដែលមានហានិភ័យខ្ពស់បំផុតចំពោះហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស។ ក្នុងនោះ ៣១ភាគរយ និង ២០ភាគរយ នៃគ្រឹះស្ថាន​សេវាថែទាំសុខភាពរបស់ខេត្ត​ទាំងពីរ តែង​ជួបហានិភ័យទឹកជំនន់ជារៀងរាល់ឆ្នាំ។ នៅក្នុង​ខេត្ត​ទាំងពីរនេះ ការអប់រំរបស់​សិស្ស​ភាគច្រើន​កំពុងរងការគំរាមកំហែងដោយ​ទឹកជំនន់ ក្នុងនោះ ៣៣ភាគរយ រស់នៅក្នុងខេត្តក្រចេះ និង ២៥ភាគរយ នៅក្នុង​ខេត្ត​ស្ទឹងត្រែង។

ភាគចំណែកនៃហេដ្ឋារចនាសម្ព័ន្ធសេវា ដែលប្រឈមនឹងការលិចទឹកជំនន់កម្ពស់ ០,៥ម៉ែត្រ ក្នុងខេត្តនីមួយៗ

ហានិភ័យដែលបង្កឡើងដោយទឹកជំនន់ដល់ធនធានមនុស្ស កាន់តែ​ធ្ងន់​ធ្ងរ​ទៀត​នៅពេល​ដែល​ប្រជា​ជន​បាត់​បង់លទ្ធ​ភាព​ទៅរកសេវាថែទាំសុខភាព និងសាលារៀន ក្រោយ​ពីផ្លូវ​ត្រូវ​បាន​កាត់​ផ្តាច់​។ ការរកឃើញរបស់យើងបង្ហាញថា នៅក្នុងចំនួន​ពាក់កណ្តាលនៃខេត្តទាំងអស់ ប្រជាជនជាង ១៥ភាគរយ ​ត្រូវ​ចំណាយ​ពេល​ជាងមួយម៉ោង​ទម្រាំ​ធ្វើដំណើរ​ទៅដល់​គ្រឹះស្ថាន​សេវាសុខាភិបាល​មួយ បន្ទាប់ពីមានទឹកជំនន់ម្តង​ៗ។ ចំនួន​នេះមានរហូត​ដល់ទៅ ៣០ភាគរយ នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង។ ទឹកជន់លិចផ្លូវ ​ធ្វើ​ឱ្យ​​ប៉ះពាល់​​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វិទ្យាល័យ​សម្រាប់​សិស្ស​ជាង ២០ភាគរយ ក្នុង​ខេត្ត​បាត់ដំបង ព្រៃវែង និង​កំពង់ចាម។ នៅក្នុងប្រទេសដែលមានសិស្សត្រឹមតែ ៣០ភាគរយប៉ុណ្ណោះដែលចុះឈ្មោះចូលរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ការបង្កើនភាពធន់នៃសាលារៀន និងភាព​ធន់​របស់​ផ្លូវទល់​នឹង​ទឹកជំនន់ គឺជា​ភាព​ចាំបាច់ដើម្បីការពារធនធានមនុស្ស និងជំនាញ, បង្កើនផលិតភាព, និងដើម្បី​ធានាបា​ន​ថា បម្រែបម្រួលអាកាសធាតុ មិនរារាំងដល់អនាគតនៃការអភិវឌ្ឍរបស់កម្ពុជា។

ការពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស និងលទ្ធភាពប្រើប្រាស់របស់វា មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន នៅ​ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ។ ខាងក្រោម​ជា​វិធានការបីយ៉ាង តាម​រយៈការវិនិយោគ ដើម្បីបង្កើនភាពបន្ស៊ាំនៃហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស៖

១ បង្កើនភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធ អមជាមួយការធ្វើផែនការយុទ្ធសាស្រ្ត, បង្កើនភាពធន់​របស់​បណ្តាញបង្ហូរទឹក និងរបស់សំណង់​អគារ នៅតាមតំបន់ដែលមានហានិភ័យ និងដំណោះស្រាយផ្អែកលើធម្មជាតិដែលកាត់បន្ថយការប៉ះពាល់ពីទឹកជំនន់។

២. កែលម្អឱ្យ​ប្រសើរនូវ​ការត្រៀមខ្លួនរបស់សហគមន៍ អម​ជាមួយនឹងលទ្ធភាព​សម្រាប់​ទាំងអស់​គ្នាក្នុង​ការ​ទទួល​បាន​ការ​ប្រើប្រាស់ប្រព័ន្ធជូនព័ត៌មាន​ជាមុនអំពីគ្រោះមហន្តរាយធម្មជាតិ។ ប្រព័ន្ធទាំងនេះមានសារៈសំខាន់ជាពិសេសក្នុងការទប់ទល់នឹងស្ថានភាពស្រួចស្រាវ ដូចជាការជន់លិចគ្រឹះស្ថាន​សេវា​សុខភាព​ច្រើនកន្លែង​ក្នុងពេលដំណាលគ្នា។

៣. ពង្រឹងភាពធន់នៃបណ្តាញផ្លូវ ដោយការធ្វើកែសម្រួលស្តង់ដានៃការរចនាផ្លូវឱ្យកាន់តែប្រសើរឡើង និង​ស្រប​ជាមួយនឹងហានិភ័យអាកាសធាតុ, កែលម្អការថែទាំផ្លូវ, និងបង្កើតយុទ្ធសាស្រ្តហិរញ្ញប្បទានជនបទ ដោយផ្តល់​អាទិភាពដល់កំណាត់ផ្លូវផ្អែកលើកម្រិត​សារៈសំខាន់របស់វា៕