សម្តេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធរការពារសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្តនៃកម្ពុជាណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

សម្តេច ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា «នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត»។

ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីការរីកចំរើនទីក្រុងភ្នំពេញ ដែលឆ្នាំនេះប្លែកអាចរផបចំការប្រគំតន្រ្តីអាចមានដល់កោះនរា ។

សម្តេចបន្តថា «តាមផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា ព្រមទាំងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយ ប្រកបដោយភាពទាក់ទាញនៅភ្នំពេញ »។

ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែនៅ ឆ្នាំនេះនឹងចាប់ផ្តើម ពីថ្ងៃទី​២៦ ដល់ ២៨ ខែវិច្ឆិកា ខាងមុខនេះ និង គឺជាព្រះរាជពិធីពិសេសមួ​យ ដែលគេរៀបចំតែនៅរាជធានីភ្នំពេញ​ ដែលខុសពីបុណ្យនានា។ សម្រាប់ឆ្នាំនេះ មាន ទូកងចូលរួម ជាង ៣០០ ទូកចូលរូមប្រណាំងនៅក្នុងពិធីបុណ្យជាតនេះផងដែរ៕