ភ្នំពេញ៖ លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ដើម្បីលើកម្ពស់កិច្ចសហការជាមួយគ្នាទៀតបន្ថែមរវាងកម្ពុជា និងកូរ៉េ អ្នកសិក្សាស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវទាំងពីរ អាចសិក្សាលទ្ធភាពពីស័យអាទិភាពនានានៅកម្ពុជា ដែលក្នុងនោះរួមមាន វិស័យកសិកម្ម ទេសចរណ៍ បរិស្ថាន ជីវចម្រុះតាមដងទន្លេមេគង្គ ថាមពលស្អាត និងការរួមកិច្ចសហប្រតិបត្តិការលើធនធានមនុស្ស។
លោក សុខ ទូច បានមានប្រសាសន៍បែបនេះ បានលើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសិក្ខាសាលាស្តីពី «ភាពជាដៃគូអភិវឌ្ឍន៍កូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation) » ដែលប្រព្រឹត្តទៅ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សិក្ខាសាលារៀបចំដោយក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និងវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ (KIEP)។
នៅក្នុងសិក្ខាសាលាខាងលើ ភាគីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច វាគ្មិន និងអ្នកស្រាវជ្រាវជាច្រើនរូបមកពីរាជបណ្ឌិត្យសភាកម្ពុជា និងភាគីកូរ៉េដឹកនាំដោយ លោកហាន ឃ្យឹង ភីល (Hahn, Gyeong Phil) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ លោកសាស្រ្តាចារ្យបណ្ឌិត ជាច្រើនរូបចូលរួម។
ក្នុងឱកាសចូលរួមវេទិកាលើកនេះ លោក សុខទូច បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) និងនិងវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ (KIEP) ដែលបានផ្ដួចផ្ដើមគំនិតរៀបចំសិក្ខាសាលាអន្ដរជាតិដ៏មានអត្ថន័យនិងអត្ថប្រយោជន៍នេះឡើង។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវសិក្ខាសាលប្រភេទនេះម្តងរួចមកហើយ ដែលបានចំឡើងនៅក្នុងប្រទេសកម្ពុជា នៅពេលនោះវាគ្មិនរបស់ស្ថាប័នទាំងពីរបានជជែកគ្នាយ៉ាងច្រើន និងបានផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់សម្រាប់រួមចំណែកដល់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ក៏ដូចជាភាគីពាក់ព័ន្ធនានា ហើយកិច្ចពិភាក្សានាពេលនោះហាក់មានភាពស្និទស្នាលខ្លាំងបើទោះបីជាមានកំដៅខ្លះដែលកើតឡើងដោយការប្រឈមទស្សនគ្នាខ្លះក្តី។
ជាការពិតណាស់សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែលផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយនៃស្ថាប័ន ស្រាវជ្រាវទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ និងបទពិសោធគ្នាទៅវិញទៅមក។
លោក សុខ ទូច បញ្ជាក់បន្ថែមថា ដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀតនាពេលអនាគតរវាងកូរ៉េនិងកម្ពុជាតាមរយៈជំនួយអភិវឌ្ឍផ្លូវការកូរ៉េ (ODA) អ្នកសិក្សាស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវទាំងពីរ អាចសិក្សាលទ្ធភាពពីស័យអាទិភាពនានានៅកម្ពុជា ដែលក្នុងនោះរួមមាន វិស័យកសិកម្ម ទេសចរណ៍ បរិស្ថាន ជីវចម្រុះតាមដងទន្លេមេគង្គ ថាមពលស្អាត និងការរួមកិច្ចសហប្រតិបត្តិការលើធនធានមនុស្ស៕