សៀមរាប៖ កម្មវិធីហាត់ការវិជ្ជាជីវៈដែលរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ជំនាញនឹងអនុវត្តក្នុងរយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានកម្រិតស្តង់ដាក្នុងខេត្តសៀមរាប ដើម្បីឱ្យគ្រូបង្គោល ហូកា ដែលមកពីមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងចំនួន ៣៧រូប (ស្រី១៧រូប) ទទួលបានបទពិសោធន៍ការងារជាក់ស្តែង សំដៅជួយពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ដល់គ្រូបង្គោល ហូកា សម្រាប់ផ្តល់ការបណ្តុះបណ្តាលបន្ត ក្នុងខេត្តគោលដៅរបស់ខ្លួន ជាពិសេសគំាទ្រដល់និរន្តរភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅថ្ងៃអនាគតក្រោយចប់គម្រោង។
ពីធីបើកកម្មវិធីហាត់ការវិជ្ជាជីវៈនេះប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា លោក ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក គង់ ដារ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយមានការអញ្ជើញចូលរួមលោក លោកស្រីប្រធានមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងទំាង១០ តំណាងសណ្ឋាគារ និងភោជនីយដ្ឋានដែលជាដៃគូរនៃកម្មវិធីហាត់ការវិជ្ជាជីវៈ លោកគ្រូ អ្នកគ្រូបង្គោល ហូកា សរុបចំនួន១០០រូប។
តាមរយៈកម្មវិធីនេះផងដែរ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា រំពឹងថា សមត្ថភាពគ្រូបង្គោល ហូកា នៅតាមបណ្តារខេត្តគោលដៅទាំង១០ នឹងមានកម្រិតកាន់តែល្អប្រសើរបន្ថែមទៀត សំដៅគាំទ្រដល់យន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ទៅថ្ងៃអនាគត ស្របតាមយុទ្ធសាស្ត្របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ និងស្របតាមគំនិតផ្តួចផ្តើម “បង្កើន៥ និងអភិវឌ្ឍ៣” របស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាពិសេសក្នុងមុំ D-3 លើការអភិវឌ្ឍធនធានមនុស្ស៕