ភ្នំពេញ៖ កម្ពុជាអាចសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនបាន ប្រសិនបើប្រទេសនេះធ្វើចំណាត់ការលើបម្រែបម្រួលអាកាសធាតុតាមរយៈសកម្មភាពធំៗបី គឺ កាត់បន្ថយ (Reduce) ឱ្យបានច្រើននូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ; សម្របឡើងវិញ (Realign) នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ; និង តម្រង់ទិសឡើងវិញ (Reorient) សម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពីការធ្វើអន្តរកាលទៅរកការអភិវឌ្ឍបៃតងលើសកលលោក។ នេះបើយោងតាមរបាយការណ៍ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report/CCDR) របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍នេះបន្ថែមថា កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុរួចទៅហើយ ដែលមានន័យថាប្រទេសនេះចាំបាច់ត្រូវធ្វើការបន្ស៊ាំខ្លួនជាបន្ទាន់ទៅនឹងផលប៉ះពាល់ទាំងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរាំងស្ងួតនិងទឹកជំនន់ញឹកញាប់និងខ្លាំងជាងមុន។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នាំ២០១៥និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម ២៥ខេត្ត/រាជធានី និងប៉ះពាល់ដល់មនុស្សជាង ២,៥លាននាក់។ ផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លាអាមេរិកដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នាំ២០១៩។ នៅខែកញ្ញាឆ្នាំ២០២២ ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនារយៈពេល៣ឆ្នាំនេះបានបង្ករគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារ និងមានការបាក់ដីដែលនាំឱ្យមានការជំលៀសប្រជាជន៥០០០គ្រួសារ។
របាយការណ៍ CCDR នេះ និយាយទៀតថា យោងតាមការព្យាករអាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅ នៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ ផ.ស.ស អស់ ៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រ កើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០។ របាយការណ៍នេះ គឺជាការសិក្សាបែបវិភាគចុងក្រោយមួយ ក្នុងចំណោមការសិក្សាស្រាវជ្រាវស្នូលរបស់ធនាគារពិភពលោក ដែលសំយោគចូលគ្នានូវការគិតគូរអំពីបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍ ហើយផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលដែលជាអតិថិជនរបស់ខ្លួន សម្រាប់យកទៅអនុវត្តដើម្បីលុបបំបាត់ភាពក្រីក្រនៅលើភពផែនដី។
លោកស្រី ម៉ានូអែលឡាវ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសដែលប្រឈមខ្លាំងទៅនឹងផលប៉ះពាល់នៃអាកាសធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។ លោកស្រីពោលបន្តទៀតថា៖ “ដើម្បីស្តារឡើងវិញដែលបានបាត់បង់ដោយសារជំងឺឆ្លងរាតត្បាតនិងការកើនឡើងតម្លៃចំណីអាហារនិងប្រេងឥន្ទនះ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយផលប៉ះពាល់ដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយកាបូន”។
កម្ពុជាមានកំណត់ត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដែលជាមធ្យមប្រមាណ ៧,១ភាគរយពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០២១ ដោយបានកាត់ភាគរយនៃប្រជាជនរស់ក្រោមបន្ទាត់នៃភាពក្រីក្របានពាក់កណ្តាលពីឆ្នាំ២០០៩ ដល់ ២០១៩ និងបានបង្កើនអាយុស្លាប់មធ្យមពី៥៧ឆ្នាំនៅឆ្នាំ១៩៩៨ មកដល់៧១ឆ្នាំនៅឆ្នាំ២០១៨។ របាយការណ៍បានធ្វើការកត់សម្គាល់ថា កម្ពុជា បានដាក់ចេញនូវគោលដៅវែងឆ្ងាយមួយ ក្នុងការប្រែក្លាយសេដ្ឋកិច្ចឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹមនឹងជោគជ័យដែលសម្រេចបានកន្លងមកនេះ ដើម្បីរក្សាកំណើនឱ្យរីងមាំ កម្ពុជាចាំបាច់ត្រូវតែខិតខំជម្នះឧបសគ្គលក្ខណៈរចនាសម្ព័ន្ធមួយចំនួន រួមមានឧបសគ្គដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់គ្រប់គ្រាន់សម្រាប់សំរួលដល់ពាណិជ្ជកម្ម ការវិនិយោគពីក្នុងស្រុកនៅទាប ការថយចុះនៃវិនិយោគសាធារណៈ និងការកើនឡើងនូវបំណុលជាឯកជន។
សេដ្ឋកិច្ចរបស់កម្ពុជាមានមូលដ្ឋានប្រមូលផ្តុំខ្លាំង បើនិយាយពីការនាំចេញ, ទីផ្សារ, វិស័យ, និងប្រភពហិរញ្ញប្បទាន ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះណាស់ ពីសំណាក់ហេតុការណ៍នៅក្រៅប្រទេស។ ការធ្វើពិពិធកម្មមូលដ្ឋាននាំចេញរបស់ខ្លួន, ការកែលម្អបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន, ការដោះស្រាយបញ្ហាខ្វះខាតនៅក្នុងវិស័យអប់រំ និងសុខាភិបាល, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នេះជាកត្តាសំខាន់សម្រាប់រក្សាបានកំណើនបែបបរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ផលប៉ះពាល់នៃអាកាសធាតុបង្កហានិភ័យច្រើនដល់ប្រទេស និងប្រជាជនរបស់ខ្លួន ហើយទំនងជាធ្វើឱ្យបញ្ហាប្រឈមដល់ការអភិវឌ្ឍមានសភាពកាន់តែធ្ងន់ធ្ងរ។ តាមការព្យាករ ទឹកជំនន់ទំនងជានឹងបង្កការខាតបង់កាន់តែច្រើនឡើងដល់រោងចក្រ, ផ្លូវថ្នល់, ផ្ទះសម្បែង និងសាលារៀន និងបណ្តាលឱ្យសេវាកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ ជួបភាពរអាក់រអួលទៀតផង។ បម្រែបម្រួលអាកាសធាតុត្រូវបានព្យាករថានឹងបណ្តាលឱ្យទិន្នផលរបស់ដំណាំសំខាន់ និងជលផល ធ្លាក់ចុះ ដែលបង្កបញ្ហាប្រឈមដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ សីតុណ្ហភាពកាន់តែខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ហើយជាដើមចមនៅពីក្រោយការកើនឡើងនៃករណីជំងឺដែរ។
របាយការណ៍នេះកត់សម្គាល់ទៀតថា បែបផែននៃការអភិវឌ្ឍថ្មីៗក៏មានចំណែកធ្វើឱ្យភាពប្រឈមនឹងឥទ្ធិពលអាកាសធាតុ មានសភាពកាន់តែអាក្រក់ដែរ។ កម្ពុជាមានអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតមួយក្នុងពិភពលោក។ បែបផែននៃការអភិវឌ្ឍទីក្រុងនាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកតាំងទីលំនៅថ្មីក្នុងទីក្រុង ស្ថិតនៅក្នុងតំបន់ងាយរងនឹងការលិចលង់ពីទឹកជំនន់។ ជាប្រវត្តិសាស្ត្រ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប ប៉ុន្តែមានកំណើននៃអត្រាបំភាយឧស្ម័នផ្ទះកញ្ចក់លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសមួយដែលមានអត្រានៃការបំភាយឧស្ម័នកាបូនខ្ពស់ខ្លាំងក្នុងចំណោមប្រទេសដែលមានការវាស់វែងនៃការបំភាយឧស្ម័នកាបូនមនុស្សម្នាក់ៗធៀបទៅនឹងផ.ស.ស ប្រហាក់ប្រហែលគ្នា ។
ទោះជាយ៉ាងណាក៏ដោយ វិធានការរបស់រដ្ឋាភិបាល និងវិស័យឯកជន អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបម្រែបម្រួលអាកាសធាតុ ហើយរបាយការណ៍នេះបានលើកឡើងនូវអនុសាសន៍ និងអាទិភាពមួយចំនួន សម្រាប់ធ្វើសកម្មភាពជាបន្ទាន់។ នៅក្នុងនោះមាន ឧទាហរណ៍ វិធានការបន្ស៊ាំរបស់រដ្ឋាភិបាល អាចរួមបញ្ចូលការកែលម្អឱ្យកាន់តែប្រសើរនូវភាពធន់នឹងអាកាសធាតុរបស់បណ្តាញផ្លូវថ្នល់ដែលមានស្រាប់ និងការបង្កើនស្តង់ដានៃភាពធន់ ជាពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេវាសុខាភិបាល និងអប់រំ។ សកម្មភាពរបស់វិស័យឯកជនអាចបញ្ចូលការវិនិយោគលើប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធផលថាមពល និងសំណង់អគារដែលធន់នឹងទឹកជំនន់ ផងដែរ។
លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចាំប្រទេស មីយ៉ាន់ម៉ា, កម្ពុជា និង ឡាវ មានប្រសាសន៍ថា៖ “សម្រាប់កម្ពុជា ការបន្តរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចរីភាព និងការឆ្លើយតបទៅនឹងតម្រូវការនៃបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដែលប្រទាក់ក្រឡាគ្នា។ លោកស្រីពោលបន្តទៀតថា៖ “នៅក្នុងន័យនេះ ការបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច, ការកសាងមូលធនមនុស្ស, និងការវិនិយោគទៅលើភាពធន់នឹងអាកាសធាតុ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់គ្នា”។
កម្ពុជាបានសន្យាថានឹងសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ វាទាមទារឱ្យកម្ពុជាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើឱ្យបាយ៉ាងឆាប់រហ័ស និងបង្វែរទិសនៃវិស័យថាមពល, ការដឹកជញ្ជូន, និងឧស្សាហកម្ម ទៅរកមាគ៌ាកំណើនដែលបញ្ចេញកាបូនទាបវិញ។ របាយការណ៍នេះបន្ថែមថា ចំណាត់ការទាំងនេះអាចធ្វើបានដោយមិនប៉ះពាល់ដល់លទ្ធផលនៃការអភិវឌ្ឍទេ។
វិស័យឯកជននៅកម្ពុជា ក៏អាចទទួលបានប្រយោជន៍សេដ្ឋកិច្ចផងដែរ ពីការធ្វើអន្តរកាលរបស់សេដ្ឋកិច្ចពិភពលោក ទៅរកការបញ្ចេញកាបូនតិច ដោយពួកគេគួរចាប់យកឱកាសនៃសកម្មភាពនាំចេញ និងការងារថ្មីៗ ដែលមានមកតាមតម្រូវការកាន់តែច្រើនឡើងសម្រាប់ទំនិញ និងសេវាកម្មដែលបញ្ចេញកាបូនទាប។ ការបន្ទាបរបារឧបសគ្គដល់ពាណិជ្ជកម្ម និងដល់ការវិនិយោគ អាចធ្វើអោយបរិយាកាសធុរកិច្ចប្រសើរឡើង និងជំរុញសមត្ថភាពប្រកួតប្រជែងនៅក្នុងវិស័យទាំងនេះ។
ការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃតម្លៃរបស់បច្ចេកវិទ្យាថាមពលស្អាតទូទាំងពិភពលោក រួមទាំងថាមពលពន្លឺព្រះអាទិត្យផងដែរ ជាឱកាសបន្ថែមមួយទៀតសម្រាប់កម្ពុជា។ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ពីជិតសូន្យក្នុងឆ្នាំ២០១៦ ដល់ ១២,៥ភាគរយ ក្នុងឆ្នាំ២០២១។ ថ្លៃចំណាយលើថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តធ្លាក់ចុះបន្ថែមទៀត ដែលធ្វើឱ្យវាក្លាយជាជម្រើសកាន់តែទាក់ទាញសម្រាប់តម្រូវការថាមពលនៅក្នុងប្រទេស៕