ព្រះសីហនុ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញ អំពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ ខណៈ គម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ប្រប្រាស់ថវិកាប្រមាណ ៦៧៥.៨៧លានដុល្លារ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបែបនេះ ក្នុងពេលលោកចូលរួមធ្វើជាអធិបតី ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ ពិធីនេះក៏មានការចូលរួមពី លោក វ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រជាកម្ពុជា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា និង ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល ក៏បាន បង្ហាញពីគម្រោងស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។ ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោកឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានលើកឡើង អំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។
បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយដែលលោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ។
ជាមួយគ្នានេះគម្រោងសាងសង់ផ្លូវជាតិលេខ៧ កិច្ចការងាររៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាគម្រោងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដែលលោក ឧបនាយករដ្ឋមន្ត្រី បានស្នើសុំជំរុញពន្លឿនកិច្ចការងារអនុវត្តលើគម្រោងការងារទាំងនេះបន្ថែមទៀត៕